“នរណាមកក្រុងហូយអាន ឆៀងចូលភុកកៀន (Phuc Kien) ពិសាម្ហូបកាវឡូវ (Cao Lau)”។ ទំនុកចម្រៀងនេះ សឱ្យឃើញថាម្ហូបកាវឡូវ (Cao Lau) ជាម្ហូបពិសេសល្បីរបស់អ្នកក្រុងហូយអាន ហេតុនេះនរណាបានធ្វើដំណើរមកដល់ក្រុងហូយអាន គួរតែអញ្ជើញចូលពិសាឱ្យបានមួយដងនឹងគេ។
ឱ្យតែនិយាយដល់អាហារក្រុងហូយអាន អ្នកផងតែងនឹកដល់ម្ហូបកាវឡូវ (Cao Lau)ភ្លាម។ ម្ហូបកាវឡូវ (Cao Lau) មួយចាន មានតម្លៃប្រហែល៣០-៣៥ពាន់វៀតណាមដុង មិនដល់២ដូល្លាអាមេរិកផង ក៏ប៉ុន្តែបង្កប់ក្នុងនោះគឺព្រលឹងនិងទឹកចិត្តនៃអ្នកក្រុងហូយអាន។ ម្ហូបកាវឡូវ (Cao Lau) ធ្វើអំពីមីលឿង ស្វិត ស្រួយ ដាក់បន្ថែមសាច់ចំណិតស្តើងៗ ស្បែកជ្រូកស្រួយស្រោក បន្លែស្រស់ក្រអូបៗមួយក្តាប់ នំក្រៀបស្រួយ និងទឹកស៊ុបទ្រលាន់ ដាក់ទៅសមល្មម។ល។ ទាំងអស់សម្រប់នឹងគ្នា បង្កើតបានរសជាតិឈ្ងុយ ទ្រលាន់ និងផ្អែមត្រជាក់ទាក់ទាញ។
តាមសម្តីរបស់អ្នកក្រុងហូយអាន ម្ហូបកាវឡូវ (Cao Lau) មានកំណើតប្រហែលនៅសតវត្សរ៍ទី១៧ ពោលគឺនៅសម័យកាលកំពង់ផែហូយអានរុងរឿង មាននាវាពាណិជ្ជកម្មនៃប្រទេសលោកខាងលិច និង លោកខាងកើតកុះករ ក្នុងនោះមានប្រទេសជប៉ុន ចិន ក៏ចូលមកដោះដូរផងដែរ។
ប្រភពដើមម្ហូបកាវឡូវ (Cao Lau) គ្មាននរណាស្គាល់ជាក់លាក់ ថាកើតមកពីទីណាទេ អ្នកខ្លះថាមានដើមកំណើតចេញពីប្រទេសចិន ដោយសារមានសាច់សាស៊ីវ អ្នកខ្លះទៀតបែរជាឱ្យដឹងថា ដើមកំណើតម្ហូបមកពីប្រទេសជប៉ុន ដោយសារមានទងមី ប្រហាក់ប្រហែលនឹងទងមីអូដន (Udon) របស់ប្រទេសនេះ ប៉ុន្តែការបកស្រាយទាំងពីរនេះ សុទ្ធតែគ្មានហេតុផលត្រឹមត្រូវ ពីព្រោះប្រទេសទាំងពីរនោះ សុទ្ធតែគ្មានមុខម្ហូបណាដូចនឹងម្ហូបកាវឡូវ (Cao Lau) របស់ក្រុងហូយអានឡើយ។ ប្រហែលជាម្ហូបកាវឡូវ (Cao Lau) ជាមុខម្ហូបមួយរបស់អ្នកក្រុងហូយអាន បានចម្អិនផ្អែកលើមូលដ្ឋានការប្រាស្រ័យរវាងខឿនវប្បធម៌ម្ហូបអាហារផ្សេងៗគ្នា ក្នុងនោះមានទាំងប្រទេសចិន និង ជប៉ុនផង។
ឈ្មោះកាវឡូវ (Cao Lau) ក៏មានការបកស្រាយពិសេសម្យ៉ាងដែរ។ ពួកគាត់មានមតិថា ហាងកាវឡូវនៅក្រុងហូយអាន តែងបានសាងសង់នៅតាមមាត់ទន្លេ ហាងខ្ពស់ជាជាន់ៗ អតិថិជនអង្គុយនៅលើជាន់ខ្ពស់ ពិសាផង គយគន់នាវាចេញចូលដោះដូរទំនិញផង ហេតុនេះ មុខម្ហូបនេះ ទើបមានឈ្មោះថា “កាវឡូវ - កាវមានន័យថាខ្ពស់ ឡូវមានន័យថាជាន់លើ"។
ពិតឬមិនពិតយ៉ាងណានោះ គ្រាន់តែដឹងថាបានឆ្លងកាត់រាប់រយឆ្នាំ ម្ហូបកាវឡូវ (Cao Lau) ឥឡូវបានក្លាយជាមុខម្ហូបពិសេស ដែលមិនអាចរំលង ចំពោះភ្ញៀវទេសចរ ពេលអញ្ជើញមកដល់ក្រុងហូយអាន ទន្លេហ្វាយ (Hoai)។
ប្រសិនបើ មានឱកាសមកដល់ក្រុងហូយអាន ភ្ញៀវទេសចរអាចរកពិសាម្ហូបល្បីនេះដោយងាយ នៅតាមហាងជាច្រើន តាំងពីហាងនៅតាមចិញ្ចើមថ្នល់ រហូតដល់ភោជនីយដ្ឋានល្អឆើត ទីណាក៏មានទាំងអស់៕
ម្ហូបកាវឡូវ (Cao Lau)ជាម្ហូបល្បីឈ្មោះនៅស្រុកក្វាងណាម (Quang Nam)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ហាងកាវឡូវ (Cao Lau) មួយ លើផ្លូវបាច់ឌាំង (Bach Dang) នៅក្រុងបុរាណហូយអាន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរអាចពិសាម្ហូបកាវឡូវ (Cao Lau)ល្បីឈ្មោះ នៅក្រុងហូយអាន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពខាងក្នុងហាងកាវឡូវ (Cao Lau) នៅក្រុងហូយអាន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
អនុវត្ត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង