ម្ហូបអាហារ

ម្ហូបកាវឡូវ (Cao Lau) ក្រុងហូយអាន

នរណា​​មកក្រុង​ហូយ​អាន​ ​ឆៀងចូល​ភុក​កៀន​ (Phuc Kien) ពិសា​ម្ហូប​កា​វឡូវ​ (Cao Lau)។​ ទំនុក​ចម្រៀង​នេះ សឱ្យ​ឃើញ​ថា​ម្ហូប​កាវឡូវ (Cao Lau) ​ជា​ម្ហូប​ពិសេស​​ល្បី​​របស់​អ្នក​ក្រុង​ហូយ​អាន​ ហេតុ​នេះ​​​នរណាបាន​​ធ្វើដំណើរ​មកដល់​ក្រុង​​​ហូយ​អាន​ គួរតែ​អញ្ជើញ​ចូល​​ពិសា​ឱ្យ​បាន​មួយ​ដងនឹង​គេ។​

ឱ្យតែ​និយាយដល់​អាហារ​ក្រុងហូយ​អាន​ អ្នក​ផង​​តែង​នឹកដល់​​ម្ហូប​កាវ​ឡូវ (Cao Lau)​ភ្លាម​​។ ម្ហូប​​កាវ​ឡូវ (Cao Lau) ​មួយ​ចាន ​មាន​តម្លៃ​ប្រហែល​៣០​-៣៥​ពាន់​វៀតណាម​​ដុង​ មិនដល់​​២​ដូល្លាអាមេរិក​​ផង​ ក៏​ប៉ុន្តែ​បង្កប់​​ក្នុងនោះ​គឺព្រលឹង​​និង​ទឹក​ចិត្ត​​នៃអ្នក​ក្រុង​ហូយ​អាន​។ ម្ហូ​​ប​​កាវ​ឡូវ (Cao Lau) ​ធ្វើ​អំពី​​មី​លឿង ​ស្វិត​ ស្រួយ​ ដាក់បន្ថែម​​សាច់​ចំណិត​ស្តើងៗ​​ ស្បែក​ជ្រូក​ស្រួយ​​ស្រោក​ បន្លែ​ស្រស់​ក្រអូប​ៗ​មួយ​ក្តាប់​​ នំក្រៀប​​ស្រួយ​ និង​ទឹក​ស៊ុប​​ទ្រលាន់​ ដាក់ទៅ​​សម​ល្មម​។ល។ ទាំង​អស់​​សម្រប់​នឹង​គ្នា​ ​បង្កើត​បាន​​រសជាតិ​ឈ្ងុយ​ ទ្រលាន់​ និង​ផ្អែម​ត្រជាក់​ទាក់ទាញ​។​

តាម​​សម្តី​​របស់​អ្នក​ក្រុង​​ហូយ​អាន​ ម្ហូប​កាវ​ឡូវ (Cao Lau) មាន​កំណើត​​​​ប្រហែល​​នៅ​សតវត្សរ៍​ទី​​១៧ ពោល​​​គឺ​​នៅ​សម័យ​កាល​កំពង់​​ផែ​ហូយ​អាន​​រុង​រឿង​ មាន​​​​នាវា​ពាណិជ្ជកម្ម​នៃប្រទេស​​​​លោក​​ខាងលិច​ និង លោក​ខាងកើតកុះករ​​ ក្នុងនោះ​​មាន​ប្រទេសជប៉ុន​ ចិន​ ក៏​ចូល​មក​​ដោះដូរផង​ដែរ​​។​​

ប្រភព​ដើម​ម្ហូប​កាវ​ឡូវ (Cao Lau) ​គ្មាននរណា​ស្គាល់ជាក់លាក់​ ថាកើត​មកពីទីណាទេ​ អ្នកខ្លះ​​ថា​​មាន​ដើម​កំណើត​​ចេញពីប្រទេសចិន​ ដោយ​សារ​​មាន​សាច់​សា​ស៊ី​វ​ អ្នកខ្លះ​ទៀត​​បែរ​​ជាឱ្យដឹង​​​ថា​ ដើម​កំណើត​ម្ហូប​​​មកពី​ប្រទេស​ជប៉ុន​ ដោយ​​សារ​មាន​ទងមី​ ប្រហាក់​ប្រហែល​​នឹង​ទងមី​​អូដន (Udon) ​របស់​ប្រទេស​នេះ ប៉ុន្តែ​​ការ​បក​ស្រាយ​ទាំង​ពីរ​នេះ សុទ្ធតែគ្មាន​ហេតុផល​ត្រឹមត្រូវ​ ពីព្រោះ​ប្រទេសទាំងពីរ​​នោះ សុទ្ធតែ​គ្មាន​មុខម្ហូប​ណា​​ដូច​នឹង​ម្ហូបកាវ​ឡូវ (Cao Lau) ​របស់​ក្រុង​ហូយ​អានឡើយ​។ ប្រហែល​ជា​​ម្ហូ​បកាវឡូវ (Cao Lau) ​ជា​មុខ​ម្ហូប​មួយ​​របស់​​អ្នក​ក្រុង​​ហូយ​អាន​ បាន​​ចម្អិន​​ផ្អែក​​លើមូលដ្ឋាន​​ការប្រាស្រ័យ​រវាង​​ខឿន​វប្បធម៌​​ម្ហូបអាហារ​ផ្សេងៗគ្នា​ ក្នុងនោះ​​មាន​ទាំងប្រទេស​ចិន​​ និង ​ជប៉ុនផង​។​

ឈ្មោះ​​​​កាវ​ឡូវ (Cao Lau) ​ក៏មាន​ការ​បកស្រាយ​ពិសេស​ម្យ៉ាង​ដែរ​។ ពួកគាត់​​មានមតិថា​ ហាង​​កាវ​ឡូវ​​នៅ​ក្រុង​ហូយ​អាន​ តែង​បាន​​សាងសង់​​នៅ​តាម​មាត់​ទន្លេ​ ហាង​​ខ្ពស់​ជា​ជាន់ៗ​​ អតិថិជន​​​អង្គុយ​​​នៅ​លើ​ជាន់ខ្ពស់​ ពិសាផង ​គយ​គន់​នាវា​ចេញចូល​ដោះដូរ​ទំនិញផង​ ហេតុនេះ មុខ​ម្ហូប​​នេះ​ ទើប​​មាន​ឈ្មោះ​ថា ​កាវ​ឡូវ  - កាវ​មានន័យថា​​ខ្ពស់ ឡូវមាន​ន័យ​ថា​ជាន់​លើ​​​"​។

ពិត​​ឬមិនពិត​យ៉ាងណានោះ​ គ្រាន់តែដឹងថា​​បាន​ឆ្លងកាត់​រាប់​រយ​ឆ្នាំ​ ម្ហូប​កាវ​ឡូវ​ (Cao Lau) ឥឡូវ​​បានក្លាយ​ជា​មុខ​ម្ហូបពិសេស ដែល​​​មិនអាច​រំលង​ ចំពោះ​​ភ្ញៀវទេសចរ​ ពេល​អញ្ជើញ​​មក​ដល់​ក្រុង​​​ហូយ​អាន​ ទន្លេហ្វាយ​ (Hoai)​។

ប្រសិន​បើ មាន​ឱកាស​​មក​ដល់​ក្រុ​ងហូយ​អាន​ ភ្ញៀវទេសចរ​អាច​​​​រក​​​ពិសា​ម្ហូប​​ល្បី​នេះដោយ​ងាយ​ ​នៅ​តាម​ហាង​​ជាច្រើន​ តាំងពី​​ហាងនៅ​​តាម​ចិញ្ចើម​​ថ្នល់ រហូតដល់​ភោជនីយដ្ឋាន​ល្អ​ឆើត​ ទីណាក៏​មាន​ទាំងអស់៕

ម្ហូប​កាវ​ឡូវ​ (Cao Lau)ជា​ម្ហូប​ល្បី​ឈ្មោះ​នៅ​ស្រុក​ក្វាង​ណាម (Quang Nam)​។ រូបថត៖ ថាញ​ហ្វ័រ/​កាសែត​រូបភាព​វៀត​ណាម​​
ហាង​កាវ​ឡូវ​ (Cao Lau) មួយ​ ​លើ​ផ្លូវ​បាច់ឌាំង​ (Bach Dang) ​នៅ​​ក្រុង​បុរាណ​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាពវៀតណាម​
ភ្ញៀវទេសចរ​អាច​​ពិសា​ម្ហូប​កាវ​ឡូវ​ (Cao Lau)ល្បី​ឈ្មោះ​ នៅ​ក្រុង​​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ/​កាសែត​​​រូបភាពវៀតណាម​
ទិដ្ឋភាព​​ខាងក្នុង​​ហាង​កាវ​ឡូវ (Cao Lau) ​នៅ​ក្រុង​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ/​កាសែត​រូបភាព​វៀត​ណាម​ 

top