ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅជប៉ុន កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Meiko Group។ នេះជាសាជីវកម្មមួយក្នុងចំណោមសាជីវកម្មអេឡិចត្រូនិកឈានមុខគេរបស់ប្រទេសជប៉ុន។
ថ្លែងនៅក្នុងជំនួបធ្វើការ លោក Tsuchibashi Akito ប្រធានក្រុមហ៊ុន Meiko Group បានបង្ហាញពីបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ថ្មីមួយនៅក្នុងប្រទេសវៀតណាម ដើម្បីជំរុញខ្លាំងនូវការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧបករណ៍ស្វ័យប្រវត្តិកម្ម រ៉ូបុតរូបរាងមនុស្ស ក៏ដូចជាឧបករណ៍ចាប់សញ្ញាជាច្រើនប្រភេទដែលចាំបាច់សម្រាប់ AI រូបវន្ត។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមិនត្រឹមតែចង់ទទួលស្វាគមន៍រោងចក្រផលិតប៉ុណ្ណោះទេ ថែមទាំងចង់ធ្វើការជាមួយដៃគូដូចជា Meiko ដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាជាបណ្ដើរៗ និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណាក់កាលដែលមានតម្លៃខ្ពស់នៃខ្សែសង្វាក់តម្លៃស៊ឺមីកុងឌុចទ័រ និងអេឡិចត្រូនិកសកលទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានចាត់ទុកថា ភាគីទាំងពីរគួរតែផ្លាស់ប្តូរពីការផលិត និងការផ្គុំទៅជាការស្រាវជ្រាវ ការរចនា និងការច្នៃប្រឌិត។
“នាំប្រទេសវៀតណាមក្លាយជាសសរស្តម្ភនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ខ្ញុំដឹងថា Meiko មានគោលដៅនាំឲ្យមូលដ្ឋាននានានៅវៀតណាមក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតកម្មរបស់ក្រុមហ៊ុននៅឆ្នាំ ២០៣០ ដោយមានគម្រោងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៅ Hoa Lac ក្នុងឆ្នាំ ២០២៧។ នេះគឺជាទិសដៅយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះប្រទេសវៀតណាម និងមនុស្សវៀតណាម។ រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលទាក់ទងនឹងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានសម្រាប់ក្រុមហ៊ុន Meiko អនុវត្តន៍គម្រោងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ជាពិសេសមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៅ Hoa Lac។ ខ្ញុំស្នើឱ្យក្រុមហ៊ុនបន្តរួមដំណើរជាមួយដៃគូនៅវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព ដោយធានាការការពារបរិស្ថាន សុវត្ថិភាពការងារ និងសិទ្ធិរបស់ពលករ”៕






