សេចក្តីសម្រេចចិត្តលេខ ៧០
ត្រូវបានផ្សព្វផ្សាយក្នុងបរិបទដែលពិភព លោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖
វិបត្តិថាមពល ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សកល។
សម្រាប់វៀតណាម
ជាប្រទេសដែលមានអត្រាកំណើនខ្ពស់ និងតម្រូវការថាមពលកាន់តែកើនឡើង
ការធានាសន្តិសុខថាមពល
គឺជាតម្រូវការចម្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
និងលើកកំពស់ឋានៈរបស់ប្រទេសជាតិ។
ទិសដៅជាច្រើនមានលក្ខណៈទម្លុះទម្លាយ
សេចក្តីសម្រេចិត្តលេខ
៧០ បានកំណត់ទិសដៅជាច្រើនមានលក្ខណៈទម្លុះទម្លាយ។
ក្នុងនោះមានកំណែទម្រង់ស្ថាប័នយ៉ាងខ្លាំងក្លា។ សេចក្តីសម្រេចចិត្តលេខ ៧០
ផ្តោតលើការផ្លាស់ប្តូរយន្តការ គោលនយោបាយនិងការគ្រប់គ្រងរដ្ឋ
ចាប់ពីការសុក្រិតក្របខ័ណ្ឌច្បាប់ ការកសាងទីផ្សារអគ្គិសនីដែលមានលក្ខណៈប្រកួតប្រជែង
រហូតដល់យន្តការតម្លៃអគ្គិសនីប្រកបដោយតម្លាភាព។
ប្រធានគណៈកម្មាធិការគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម លោក Nguyen
Thanh Nghi បានអះអាងថា៖ “ការសុក្រិតរបៀបរបប និង គោលនយោបាយ
ដើម្បីក្លាយជាគុណសម្បត្តិប្រកួតប្រជែង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ
និងជាកម្លាំងចលករខ្លាំងក្លាក្នុងការជំរុញការអភិវឌ្ឍថាមពល។
សេចក្តីសម្រេចចិត្តកំណត់ការសុក្រិតមូលដ្ឋានច្បាប់ដើម្បីដោះស្រាយនូវឧបសគ្គរបស់ស្ថាប័នសម្រាប់គម្រោងថាមពល។
បង្កើតយន្តការលេចធ្លោដើម្បីទាក់ទាញ និងអនុវត្តគម្រោងថាមពលសំខាន់ៗ និងបន្ទាន់។
ទន្ទឹមនឹងនោះ សុក្រិតគោលនយោបាយហិរញ្ញវត្ថុ ដើម្បីប្រមូលទុនវិនិយោគអតិបរមា
ទុនវិនិយោគឯកជននិងការវិនិយោគបរទេសក្នុងវិស័យថាមពល”។
គោលដៅដែលសេចក្តីសម្រេចចិត្តលេខ
៧០ ដាក់ចេញ គឺមិនត្រឹមតែធានាឱ្យមានថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់កំណើនប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយ នៅវៀត ណាម
ទៀតផង។ ចំណុចសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ៧០ គឺការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រេះរិះ
ចាប់ពី "ការធានាការផ្គត់ផ្គង់" ទៅ "ធានាយ៉ាងរឹងមាំ
និងសកម្មក្នុងការធានាសុវត្ថិភាពថាមពល"។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Giang
Chan Tay បានអត្ថាធិប្បាយថា៖ “គួរកត់ សម្គាល់ថា
សេចក្តីសម្រេចចិត្តលេខ ៧០ បានកំណត់ថា ថាមពលត្រូវតែ ឈានទៅមុខមួយជំហានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងគោលដៅថាមពលកកើតឡើងវិញ
ពី ២៥ ទៅ ៣០%
ហើយតម្រូវឱ្យរោងចក្រចម្រាញ់ប្រេងត្រូវបំពេញតម្រូវការប្រេងក្នុងស្រុកយ៉ាងហោចណាស់
៧០%។ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងការគិតគូរពីសន្តិសុខថាមពល
ដោយផ្លាស់ប្តូរពីការធានាការផ្គត់ផ្គង់ទៅជាសកម្ម និងស្ថិរភាព។
ចំណុចដែលខ្ញុំពេញចិត្តនោះគឺថា
សេចក្តីសម្រេចចិត្តបានកំណត់គោលដៅមិនត្រឹមតែមានថាមពលអគ្គិសនី ប្រេង
និងឧស្ម័នគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងសម្រាប់ថាមពលស្អាត
កាត់បន្ថយការបំភាយឧស្ម័នក្នុងពេលតែមួយ ដែលទាមទារឱ្យមានការធ្វើសមកាលកម្មពីស្ថាប័នទៅប្រភព
ទុន បច្ចេកវិទ្យាធនធានមនុស្ស និងទីផ្សារប្រកួតប្រជែងប្រកបដោយតម្លាភាព”។
ប្តេជ្ញាអនុវត្តយុទ្ធសាស្ត្រសន្តិសុខថាមពលថ្មី
ដើម្បីរួមចំណែកអនុវត្តសេចក្តីសម្រេចចិត្តលេខ
៧០ ទៅជាសកម្មភាពជាក់ស្តែង
នាំមកនូវយុទ្ធសាស្ត្រសន្តិសុខថាមពលថ្មីឈានចូលជីវភាពប្រចាំថ្ងៃ ក្លាយជាកម្លាំងចលករសម្រាប់ប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស
និងនិរន្តរភាព ក្នុងឱកាសរំលឹកខួបលើកទី ៥០
នៃការបង្កើតក្រុមឧស្សាហកម្មថាមពលជាតិវៀតណាម (PetroVietnam) នារសៀលថ្ងៃទី
២១ ខែកញ្ញា អគ្គលេខាបក្ស លោក តូ ឡឹម បានលើកច្បាស់តម្រូវការរបស់ Petro
Vietnam ដែលត្រូវជាអង្គភាពត្រួសត្រាយផ្លូវក្នុងការធានាយ៉ាងរឹងមាំ
នូវសន្តិសុខថាមពលជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ប្រភពថាមពលសំខាន់ៗ។
“ត្រូវតែធានាយ៉ាងរឹងមាំនូវសន្តិសុខថាមពលជាតិ ស្ថាបត្យកម្មយោងទៅ តាមគំរូ
៣ស្រទាប់៖ ប្រភពប្រពៃណីដែលមានស្ថេរភាព និងអាចបត់បែនបាន; ឧស្ម័នរាវ
កន្លែងស្តុកទុក និងប្រភពថ្មីៗ ដូចជាថាមពលខ្យល់ ថាមពលនុយក្លេអ៊ែរ។
បង្កើតសមត្ថភាពបម្រុងជាយុទ្ធសាស្រ្តយ៉ាងសកម្ម គ្រប់គ្រងការផ្គត់ផ្គង់
និងមានភាពបត់បែនក្នុងការផ្សារភ្ជាប់ជាមួយនឹងសន្តិសុខថាមពល សន្តិសុខការពារជាតិ
និងម្ចាស់ការសេដ្ឋកិច្ច”។
ទន្ទឹមនឹងនេះ
គម្រោងប្រភពថាមពលធំៗជាច្រើនត្រូវបានដាក់ឱ្យដំណើរការដូចជា
រោងចក្រថាមពលកំដៅដោយឧស្ម័ន រោងចក្រវារីអគ្គិសនីស្តុកទុក និងថាមពលកកើតឡើងវិញ។
ប្រព័ន្ធបញ្ជូនថាមពលជាតិបន្តត្រូវបានពង្រីក និងធ្វើឱ្យប្រសើរឡើង។
រដ្ឋាភិបាលបានណែនាំឲ្យបង្កើនការនាំចូលធ្យូងថ្ម និងឧស្ម័ន LNG (ឧស្ម័នឥន្ធនៈរាវ) ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព។
លើសពីនេះ វៀតណាមកំពុងជំរុញការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញផងដែរ។ បច្ចុប្បន្ន
វៀតណាមស្ថិតក្នុងចំណោមប្រទេសឈានមុខគេក្នុងតំបន់លើសមត្ថភាពថាមពលពន្លឺព្រះអាទិត្យ
និងខ្យល់។ គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ និងគម្រោងអ៊ីដ្រូសែនបៃតងជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំការវិនិយោគ។
រដ្ឋាភិបាលបានចេញយន្តការជំរុញការទិញថាមពលផ្ទាល់ (DPPA) ដោយបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មក្នុងការប្រើប្រាស់ថាមពលស្អាត...។
កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត
របស់វៀត ណាម ក្នុងការកសាងប្រព័ន្ធថាមពលទំនើប បៃតង និងនិរន្តរភាព
រួមចំណែកដល់ការសម្រេចនូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិប្រកប
ដោយវិបុលភាព៕