ថ្លែងនៅក្នុងវេទិកានេះ រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យត្រឹមឆ្នាំ២០៥០ វៀតណាមត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូអន្តរជាតិ ជាពិសេសបណ្ដាសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាថាមពលឈានមុខគេលើពិភពលោក។
“ក្នុងនាមជាទីភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងវិស័យថាមពល ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមមានការយកចិត្តទុកដាក់និងត្រៀមខ្លួនជានិច្ច ដើម្បីអមដំណើរសហគ្រាសអន្តរជាតិក្នុងការអភិវឌ្ឍប្រព័ន្ធថាមពលរបស់វៀតណាម។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តធ្វើសេនាធិការដល់អាជ្ញាធរមានសមត្ថកិច្ចអំពីការសុក្រិតច្រករបៀងផ្លូវច្បាប់ ការកែលម្អបរិយាកាសវិនិយោគ និងការជំរុញយន្តការសហប្រតិបត្តិការ សំដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសឱ្យចូលរួមកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍគម្រោងថាមពលនៅវៀតណាម”។
ក្នុងពេលជាមួយគ្នានោះ លោក Roger Martella អគ្គនាយកប្រតិបត្តិសកលរបស់ GE Vernova បានសង្កត់ធ្ងន់ថា៖
“យើងជានិច្ចកាលកំណត់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសារសំខាន់ យុទ្ធសាស្ត្របំផុតនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងការកាត់បន្ថយកាបូន។ ចាប់តាំងពីពេលដែលយើងបានពិភាក្សាអំពីយុទ្ធសាស្ត្រអាជីវកម្មកាលពីបួនឆ្នាំមុន យើងបានកំណត់ប្រទេសវៀតណាមជាគោលដៅនិងជាដៃគូអភិវឌ្ឍន៍មួយរបស់យើងនៅលើដំណើរនេះ។ ពីព្រោះ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាតុល្យភាពតម្រូវការថាមពលរបស់ខ្លួន ពីនោះនាំមកនូវការអភិវឌ្ឍដល់ប្រជាជនជាទូទៅ។ ក្នុងពេលជាមួយគ្នានោះ ប្រទេសវៀតណាមនៅតែសន្យាឆ្ពោះទៅរកការកាត់បន្ថយកាបូន ហើយគំរូប្រតិបត្តិការនេះគឺស្របនឹងបេសកកម្ម និងចក្ខុវិស័យរបស់ GE Vernova”៕








