លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានថ្លែងសុន្ទរកថាអំពីបញ្ហាអភិវឌ្ឍន៍សង្គម។
នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ អាស៊ានកំពុងជំរុញវិធីអភិក្រមគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នាជាងមុន ចំពោះការអភិវឌ្ឍសង្គម ដោយផ្តោតលើការពង្រឹងសុខុមាលភាពសង្គម ការបង្រួមគម្លាតឌីជីថល ការសម្របខ្លួនយ៉ាងសកម្មទៅនឹងជរាភាពរបស់ប្រជាជន ការលើកកម្ពស់តួនាទីរបស់យុវជន និងការបង្កើនការចូលរួមរបស់ជនពិការ។ ក្នុងពេលជាមួយគ្នានោះ អាស៊ានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ដំណាក់កាល ២០២៦-២០៣០ ដោយរួមចំណែកប្រែក្លាយការប្តេជ្ញាចិត្តលើការអភិវឌ្ឍសង្គមទៅជាលទ្ធផលជាក់ស្តែង ប្រកបដោយចីរភាព នាំមកនូវការផ្លាស់ប្តូរជាក់ស្តែងដល់ជីវភាពរបស់ប្រជាជន ជាពិសេសក្រុមងាយរងគ្រោះ។
នៅថ្ងៃដដែល ក្នុងសុន្ទរកថាក្នុងនាមប្រទេសវៀតណាម លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានសង្កត់ធ្ងន់ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ដាក់ប្រជាជននៅទីតាំងកណ្ដាលនៃការអភិវឌ្ឍ ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការធានាសុខុមាលភាព និងការកែលម្អគុណភាពនៃសេវាសង្គម។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនរបស់វៀតណាម រួមទាំងការកាត់បន្ថយអត្រាភាពក្រីក្រពហុវិមាត្រមកត្រឹមប្រហែល ១,៣% នៅឆ្នាំ២០២៥ ការគ្របដណ្តប់ធានារ៉ាប់រងសុខភាពឈានដល់ជាង ៩៥% ការលើកលែងថ្លៃសិក្សា សម្រាប់ការអប់រំសាធារណៈចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់វិទ្យាល័យ និងការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃដែលកំពុងត្រូវបានអនុវត្តន៍ទូទាំងប្រទេស៕





