នារសៀលថ្ងៃទី ១៤ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួប លោកនាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចូលរួមជំនួបជាប្រចាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី និងសមយុទ្ធរួមរវាងកងទ័ពវៀតណាម-កម្ពុជា-ឡាវ។
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យក្រសួងការពារជាតិទាំងពីរ បន្តបង្កើនការចែករំលែកព័ត៌មាន ជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ; លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងារខណ្ឌសីមាបោះបង្គោលព្រំដែន និងធ្វើនីត្យានុកូលកម្មនូវលទ្ធផលដែលសម្រេចបាន។ ក្នុងពេលជាមួយគ្នានេះ សម្របសម្រួល និងគាំទ្រយ៉ាងសកម្មដល់បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា ក្នុងការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន រួមចំណែកដល់ការជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជា មានសារៈសំខាន់ពិសេស និងមិនអាចកាត់ថ្លៃបាន ហើយចាំបាច់ត្រូវបន្តថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ដើម្បីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៧ រួមចំណែកដល់ការបង្កើនការយល់ដឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ៕





