ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ចំពោះមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី បង្កើតទ្រឹស្តីអំពីមាគ៌ាផ្លាស់ប្ដូរថ្មី បើកយុគសម័យអភិវឌ្ឍន៍ថ្មីសម្រាប់ប្រជាជាតិវៀតណាម។ លោក ស៊ី ជីនពីង ជឿជាក់ថា ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ដោយមានលោកអគ្គលេខាបក្ស តូ ឡឹម ជាប្រមុខនោះ នឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤របស់បក្ស កសាងសង្គមនិយមដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេសជាតិ និងសម្រេចបាននូវគោលដៅ «១០០ឆ្នាំ » ទាំងពីរ ក្នុងឱកាសនៃការបង្កើតបក្ស (ឆ្នាំ២០៣០) និងការបង្កើតប្រទេសជាតិ (ឆ្នាំ២០៤៥)។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានបញ្ជាក់ថា លោកត្រៀមខ្លួនជាស្រេចរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រចាំជាមួយលោកអគ្គលេខាបក្ស តូ ឡឹម ហើយមានបំណងចង់ឲ្យភាគីទាំងពីរ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា លើកទឹកចិត្តកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ព្រមទាំងខិតខំប្រឹងប្រែងជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមផងដែរ។
រីឯខ្លួនវិញ បេសកជនពិសេស លោក ឡេ ហយជុង បានចែករំលែកលទ្ធផលសំខាន់ៗនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបានបញ្ជាក់ពីទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋវៀតណាម និងលោកអគ្គលេខាបក្ស តូ ឡឹម ដែលមានការយកចិត្តទុកដាក់ខ្ពស់និងផ្តល់អាទិភាពចម្បងដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសចិន ហើយត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយចិនលើដំណើរអភិវឌ្ឍន៍ថ្មី៕







