ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម បានស្នើឲ្យអេហ្ស៊ីបបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃភាគីទាំងពីរ ក្នុងការវិនិយោគ សហប្រតិបត្តិការ ធ្វើអាជីវកម្មលើវិស័យជាប្រៀបខ្លាំងនានាដូចជា ឡូជីស្ទិក សំណង់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផលិតកម្មឧស្សាហកម្ម វាយនភណ្ឌ ថាមពលកកើតឡើងវិញ ... ក៏ដូចជា ក្នុងវិស័យសក្តានុពលថ្មីៗ ដូចជា ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងអាហារ ហាឡាល។ ល។
មុននោះ នាព្រឹកថ្ងៃទី៥ ខែសីហា បន្ទាប់ពីជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋ វៀតណាមលោក លឿង គឿង និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi មេដឹកនាំទាំងពីរបានជួបជាមួយសារព័ត៌មាន ហើយបានអះអាងថា ជំនួបពិភាក្សា ការងារទទួលបានជោគជ័យ។ ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដើម្បីទាញយកឲ្យកាន់តែល្អនូវសក្តានុពលរបស់ ភាគីនិមួយៗ ជាពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីការអភិវឌ្ឍរួម និងផលប្រយោជន៍នៃប្រទេសទាំងពីរ។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ភាពជាដៃគូគ្រប់ជ្រុងជ្រោយបានឆ្លុះបញ្ចាំងពីទំហំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងយុគសម័យថ្មី ជាមួយនឹងការជឿទុកចិត្តខាងនយោបាយខ្ពស់នៅគ្រប់កម្រិត; ការពង្រីកទំហំ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការតាមទិសដៅកាន់តែជាក់ស្ដែង និងស៊ីជម្រៅលើគ្រប់វិស័យ។
“ដោយយល់ឃើញថា ប្រទេសយើងទាំងពីរនៅតែមានសក្ដានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ និងមានការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនោះ យើងបានអះអាងនូវការប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១ ពាន់ លានដុល្លារអាមេរិកនាពេលខាងមុខ។ ឈរលើស្មារតីនោះ ភាគីទាំងពីរបានឯកភាព គ្នាបង្កើតលក្ខខណ្ឌ និងពិចារណាយ៉ាងសកម្មលើការបើកទីផ្សារសម្រាប់ទំនិញ កសិផលជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក។ ខ្ញុំបានពិភាក្សាជាមួយលោកប្រធានា ធិបតី ហើយភាគីទាំងពីរបានឯកភាពពិចារណាលើការចាប់ផ្ដើមការចរចារអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អេហ្ស៊ីប (FTA) ក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការចែករំលែកកាលានុវត្តភាពវិនិយោគ បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរចូលរួមគម្រោងលើវិស័យអាទិភាពដូចជា ឧស្សាហកម្ម វាយនភណ្ឌ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន។”
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី របស់អេហ្ស៊ីបជាអន្តរការី និងជាអ្នកសម្របសម្រួលក្នុងជម្លោះនៅតំបន់ហ្គាហ្សា ដោយអះអាងឡើងវិញនូវគោលជំហរដ៏ខ្ជាប់ខ្ជួនចំពោះដំណោះស្រាយរដ្ឋពីរ ដោយ មានរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមានអធិបតេយ្យភាព ផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧ ជាមួយនឹងក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានី ស្របតាមច្បាប់អន្តរជាតិ និង សេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដោយរស់នៅដោយ សន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល៕