ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវតែបង្កើតរបកគំហើញនិងការផ្លាស់ប្តូរជាក់ស្ដែងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល
សន្និសីទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិត ពីទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ទៅកាន់សាលប្រជុំចំនួន ៣៤ លើទូទាំងប្រទេស។
នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះវិស័យអប់រំនិងបណ្តុះបណ្តាល ដែលមានការត្រៀមរៀបចំយ៉ាងល្អសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧; បង្កើនការវិនិយោគ ការជួសជុល និងការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍បង្រៀន និងកសាងប្រព័ន្ធសាលារៀនដ៏រឹងមាំ និងអនុលោមតាមស្តង់ដារ; ធានាការផ្គត់ផ្គង់សៀវភៅសិក្សាយ៉ាងគ្រប់គ្រាន់និងទាន់ពេលវេលា; ត្រួតពិនិត្យនិងអនុវត្តន៍កម្មវិធីអប់រំប្រកបដោយប្រសិទ្ធភាព តាមទិសដៅត្រឹមត្រូវ; ជំរុញខ្លាំងនូវដំណោះស្រាយគាំទ្រជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានផងដែរ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការផ្តោតលើការអប់រំសីលធម៌ បំណិនជីវិត ការធានាសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត វប្បធម៌និងសុវត្ថិភាពសាលារៀន។ ផ្ដោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ការភ្ជាប់ការបណ្តុះបណ្តាលជាមួយសហគ្រាស និងទីផ្សារការងារ; ប្រែក្លាយការស្រាវជ្រាវវិទ្យាសាស្ត្រទៅជាបច្ចេកវិទ្យា ផលិតផល ការច្នៃប្រឌិត និងតម្លៃបន្ថែម។ អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការតភ្ជាប់រវាង សាលារៀន - សហគ្រាស - ក្រសួង វិស័យ មូលដ្ឋាន - ទីផ្សារ។
ជាមួយនឹងទស្សនៈថា ការអប់រំនិងបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិចម្បង លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងសង្គមទាំងមូលមានការយកចិត្តទុកដាក់ពិសេសចំពោះការអប់រំ និងបណ្តុះបណ្តាល។ ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ បានដាក់ចេញនូវតម្រូវការខ្ពស់សម្រាប់ការបង្កើតរបកគំហើញ និងការផ្លាស់ប្តូរជាក់ស្ដែងក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ គោលដៅចុងក្រោយគឺអ្នករៀនប្រសើរឡើង គ្រូបង្រៀនប្រសើរឡើង សាលារៀនប្រសើរឡើង និងកម្លាំងពលកម្មរបស់ប្រទេសជាតិប្រសើរឡើងផងដែរ៕





