លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរពិភាក្សាយ៉ាងសកម្មលើលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ខិតខំសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីឡើងទ្វេដងផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា។ រូបថត៖ VNA
នារសៀលថ្ងៃទី ២៦ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបលោក Pabitra Margherita រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា ដែលចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោករដ្ឋលេខាធិការកំពុងធ្វើទស្សនកិច្ចនៅវៀតណាម និងចូលរួមក្នុងសកម្មភាពរំលឹកខួបលើកទី ១០ ទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (២០១៦-២០២៦)។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរពិភាក្សាយ៉ាងសកម្មលើលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី តាមនោះសម្រួលដល់ពាណិជ្ជកម្ម តភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងដោះស្រាយចំណុចកកស្ទះក្នុងការជ្រៀតចូលទីផ្សារ ខិតខំសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគី ឡើងទ្វេដងផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ ក្នុងពេលជាមួយគ្នានោះ លើកទឹកចិត្តសាជីវកម្មបច្ចេកវិទ្យាធំៗរបស់ឥណ្ឌាឱ្យវិនិយោគចូលមកវៀតណាម ជាពិសេសលើបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងឱសថ; បន្តស្រាវជ្រាវការបង្កើនជើងហោះហើរត្រង់ ដើម្បីបំពេញតម្រូវការដែលកាន់តែកើនឡើងៗ សម្រាប់ការធ្វើដំណើរ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ព្រមទាំងជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
តាម vovworld.vn/km-KH