ព័ត៌មាន
ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង (ចិន) ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម; ជំរុញការតភ្ជាប់រវាងតំបន់ឈូងសមុទ្រធំ ក្វាងទុង - ហុងកុង - ម៉ាកាវ ជាមួយបណ្តាខេត្ត ក្រុងរបស់វៀតណាម ពង្រឹងការផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្សារភ្ជាប់ការវិនិយោគជាមួយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យខេត្តក្វាងទុង នាំចូលឱ្យបានកាន់តែច្រើននូវមុខទំនិញដែលជាប្រៀបខ្លាំងរបស់វៀតណាម ជំរុញការតភ្ជាប់ភស្តុភារកម្ម (logistics); ជំរុញកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានបំណងចង់ឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព នូវឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម - ចិន ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មលើកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ និងប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រទេសទាំងពីរនៅខេត្តក្វាងទុង។
លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង លោក ហ័ង គុនមីង បានសង្កត់ធ្ងន់ថា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ព្រមទាំងអះអាងថា ខេត្តក្វាងទុងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ លើកទឹកចិត្តសហគ្រាសធំៗ និងបច្ចេកវិទ្យាខ្ពស់មកវិនិយោគនៅវៀតណាម និងបើកទូលាយការនាំចូលកសិផល និងផ្លែឈើរបស់វៀតណាម។ លោក ហ័ង គុនមីង ក៏បានបង្ហាញថា លោកនឹងបន្តថែរក្សាឱ្យបានល្អនូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងសកម្មភាពរបស់លោកប្រធាន ហូ ជីមិញ និងបណ្តាឥស្សរជនបដិវត្តន៍ជំនាន់មុនរបស់វៀតណាមនៅខេត្តក្វាងទុង ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនខេត្តក្វាងទុង និងមូលដ្ឋាននានារបស់វៀតណាមផងដែរ៕





