ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថា លោកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមមួយរំពិចនៅអ៊ុយក្រែន ខណៈដែលលោក Zelensky ចង់បន្តការប្រយុទ្ធ។ ប្រធានាធិបតីអាមេរិកបានចាត់ទុកថា លោក Zelensky បានបាត់បង់ឱកាសស្វែងរកសន្តិភាព ហើយបានបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនចង់បន្តការប្រយុទ្ធដោយគ្មានជំនួយពីសហរដ្ឋអាមេរិកនោះ ប្រទេសនេះ មិនអាចយកឈ្នះបានឡើយ។ ប្រធានាធិបតីអាមេរិកបានប្រកាសថា៖ “លោក Zelensky គួរតែនិយាយពីអ្វីដែលត្រូវការនិយាយ គឺចង់បានសន្តិភាព។ គាត់មិនចាំបាច់ឈរនៅទីនោះ ហើយនិយាយរឿងអវិជ្ជមានអំពីលោកពូទីនម្តងហើយម្តងទៀតទេ។ គាត់គួរតែនិយាយថា ចង់បានសន្តិភាព ហើយមិនចង់ឲ្យជម្លោះបន្ត តែប៉ុណ្ណោះ។ ខ្ញុំអាចនិយាយបានថា គាត់គ្មានស្នលឹកបៀណាមួយសម្រាប់លេងទេ”។
យោងតាមកាសែត Washington Post បន្ទាប់ពីកិច្ចប្រជុំដ៏បរាជ័យនៅសេតវិមាន រដ្ឋាភិបាលអាមេរិកកំពុងពិចារណាកាត់ផ្តាច់កញ្ចប់ជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន។ ក្នុងពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox News បន្ទាប់ពីជំនួបដ៏តានតឹងជាមួយលោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោក James David Vance ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសារភាពថា កិច្ចប្រជុំនេះមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកទេ ប៉ុន្តែលោកបានបដិសេធមិនសុំទោសតាមការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន។
ប្រតិកម្មចំពោះជំនួបដ៏តានតឹងរវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន មេដឹកនាំប្រទេសអឺរ៉ុបជាច្រើន បានលើកសំឡេងគាំទ្រលោក Zelensky ដោយបញ្ជាក់ថា អឺរ៉ុបនឹងបន្តប្រកៀកស្មាជាមួយអ៊ុយក្រែន៕







