ព័ត៌មាន

ប្រធានាធិបតី​​អាមេរិក៖ លោក Zelensky ត្រូវ​ការ​ប្រកាស ​​ចង់​បាន​សន្តិភាព

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៨ ខែកុម្ភៈ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានឲ្យដឹងថា លោក និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានទស្សនៈផ្សេងគ្នាអំពីភាពចាំបាច់ក្នុងការបញ្ឈប់ជម្លោះនៅអ៊ុយក្រែនជាបន្ទាន់ ដែលនាំឱ្យមានការជជែកដ៏តានតឹងនៅសេតវិមាន និងការលុបចោលផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ រវាង អាមេរិក និងអ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ថា លោកចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់ភ្លាមមួយរំពិចនៅអ៊ុយក្រែន ខណៈដែលលោក Zelensky ចង់បន្តការប្រយុទ្ធ។ ប្រធានាធិបតីអាមេរិកបានចាត់ទុកថា លោក Zelensky បានបាត់បង់ឱកាសស្វែងរកសន្តិភាព ហើយបានបញ្ជាក់ថា ប្រសិនបើអ៊ុយក្រែនចង់បន្តការប្រយុទ្ធដោយគ្មានជំនួយពីសហរដ្ឋអាមេរិកនោះ ប្រទេសនេះ មិនអាចយកឈ្នះបានឡើយ។ ប្រធានាធិបតីអាមេរិកបានប្រកាសថា៖ “លោក Zelensky គួរតែនិយាយពីអ្វីដែលត្រូវការនិយាយ គឺចង់បានសន្តិភាព។ គាត់មិនចាំបាច់ឈរនៅទីនោះ ហើយនិយាយរឿងអវិជ្ជមានអំពីលោកពូទីនម្តងហើយម្តងទៀតទេ។ គាត់គួរតែនិយាយថា ចង់បានសន្តិភាព ហើយមិនចង់ឲ្យជម្លោះបន្ត តែប៉ុណ្ណោះ។ ខ្ញុំអាចនិយាយបានថា គាត់គ្មានស្នលឹកបៀណាមួយសម្រាប់លេងទេ”។

ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមាននៅថ្ងៃទី ២៨ ខែកុម្ភៈ។ រូបថត៖ រ៉យទ័រ

យោងតាមកាសែត Washington Post បន្ទាប់ពីកិច្ចប្រជុំដ៏បរាជ័យនៅសេតវិមាន រដ្ឋាភិបាលអាមេរិកកំពុងពិចារណាកាត់ផ្តាច់កញ្ចប់ជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន។ ក្នុងពេលនោះ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox News បន្ទាប់ពីជំនួបដ៏តានតឹងជាមួយលោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោក James David Vance ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសារភាពថា កិច្ចប្រជុំនេះមិនបានប្រព្រឹត្តទៅដូចការរំពឹងទុកទេ ប៉ុន្តែលោកបានបដិសេធមិនសុំទោសតាមការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋជាច្រើន។

ប្រតិកម្មចំពោះជំនួបដ៏តានតឹងរវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន មេដឹកនាំប្រទេសអឺរ៉ុបជាច្រើន បានលើកសំឡេងគាំទ្រលោក Zelensky ដោយបញ្ជាក់ថា អឺរ៉ុបនឹងបន្តប្រកៀកស្មាជាមួយអ៊ុយក្រែន៕


top