ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាមួយចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូល ក្នុងគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្មនិងពហុភាគី របស់វៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា ចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាងរបស់ខ្លួន; គាំទ្រវៀតណាមក្នុងការត្រៀមរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងគោរពអញ្ជើញលោកប្រធានរដ្ឋលឿង គឿងមកបំពេញទស្សនកិច្ចនៅប្រទេសចិនតាមពេលវេលាសមស្រប។
អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ប្រធានរដ្ឋលោក លឿង គឿងបានអះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយសម្តែងក្តីរីករាយដែលភាគីទាំងពីរទទួលបានលទ្ធផលវិជ្ជមានជាច្រើនបន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកប្រធានាធិបតី Joe Biden បានអបអរសាទរលោកប្រធានរដ្ឋចំពោះមុខតំណែងថ្មីរបស់លោក ហើយបានអះអាងថា សហរដ្ឋអាមេរិកតែងតែគោរពទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាគាំទ្រប្រទេស វៀតណាម “ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួនឯង និងវិបុលភាព”។
ចែករំលែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ីនៅក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានស្នើថា ភាគីទាំងពីរបន្តពង្រឹងនិងនាំទំនាក់ទំនងឡើងកំពស់ថ្មី តាមរយៈការបើកទូលាយនិងស៊ីជម្រៅលើវិស័យសហប្រតិបត្តិការ។
អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឲ្យភាគីទាំងពីរ បន្តជំរុញយន្តការសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ-សន្តិសុខ វប្បធម៌ - អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការជួបប្រាស្រ័យរវាងប្រជាជន។
នាយករដ្ឋមន្ត្រី លោក Lawrence Wong បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សិង្ហបុរីក្នុងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) បានឯកភាពជាមួយលោកប្រធានរដ្ឋ លឿង គឿងលើការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រធានរដ្ឋ លោក លឿង គឿងបានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាព នៃភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២៤-២០២៧។
នាយករដ្ឋមន្ត្រី លោក Anthony Albanese បានអះអាងសារជាថ្មីថា អូស្ត្រាលីតែងតែគោរពលើតួនាទីនិងឋានៈរបស់វៀតណាម។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោកAlbanese បានគោរពអញ្ជើញលោកប្រធានរដ្ឋលឿង គឿង មកបំពេញទស្សនកិច្ចនៅអូស្ត្រាលីតាមពេលវេលាសមស្រប។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោកប្រធានរដ្ឋលឿង គឿងបានថ្លែងអំណរគុណចំពោះកាណាដាដែលបានជួយវៀតណាម ក្នុងការជម្នះផលវិបាកនៃព្យុះទីហ្វុង Yagi។ ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានឃើញការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - កាណាដា ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការបន្តការសម្របសម្រួលយ៉ាងស៊ីជម្រៅឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងផលប្រយោជន៍ទៅវិញទៅមក។
ក្នុងពេលជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexei Overchuk បានចាត់ទុកថា រុស្ស៊ីផ្តល់អាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយ វៀតណាមក្នុងលក្ខណៈជាក់ស្តែង និងប្រសិទ្ធភាពកាន់តែខ្លាំងឡើង ក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសក្ដានុពលសមស្របនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា លោកតែងតែវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី៕