ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pazeshkian នាថ្ងៃទី ៨ ខែមេសា បានបញ្ជាក់ថា បទឈប់បាញ់នៅប្រទេសលីបង់ គឺជាលក្ខខណ្ឌចាំបាច់មួយនៃផែនការ ១០ ចំណុចរបស់អ៊ីរ៉ង់ដើម្បីបញ្ឈប់សង្គ្រាម។ លោកប្រធានាធិបតី Pezeshkian ក៏បានសង្កត់ធ្ងន់ថា ការទទួលយកបទឈប់បាញ់គឺជាសញ្ញាច្បាស់លាស់នៃការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។
សេចក្តីប្រកាសទាំងនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែល រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅលើកោះ Lavan របស់អ៊ីរ៉ង់ រងការវាយប្រហារ និងឆាប់ឆេះយ៉ាងខ្លាំង តែប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ បានចូលជាធរមាន។ អ៊ីរ៉ង់បានតបតវិញដោយការវាយប្រហារលើប្រទេសជាច្រើននៅក្នុងតំបន់ ដែលជាមូលដ្ឋានយោធារបស់អាមេរិក រួមមានប្រទេសគុយវ៉ែត UAE កាតា និងបារ៉ែន។
កងទ័ពជើងអាកាសអ៊ីស្រាអែលនាថ្ងៃទី ៨ មេសា បានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើគោលដៅរាប់រយកន្លែងនៅប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូតផងដែរ។ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា ការវាយប្រហារទាំងនេះបណ្តាលឲ្យមនុសុ្ស ១៨២នាក់បានស្លាប់ និងជិត ៩០០នាក់រងរបួស។ កាយវិការនេះ បណ្តាលឲ្យការចរចាដើម្បីបញ្ឈប់ជម្លោះ ប្រឈមនឹងហានិភ័យដួលរលំ ហើយបានបង្កើនសម្ពាធដល់ការចរចានៅចុងសប្តាហ៍នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ៕







