ព័ត៌មាន

បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានហានិភ័យនៃការដួលរលំតាំងពី​ថ្ងៃដំបូង

បទឈប់បាញ់ដែលទើបសម្រេចបាន និងចូលជាធរមាននៅព្រឹកថ្ងៃទី ៨ ខែមេសា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រឈម​​នឹងហានិភ័យដួលរលំ នៅពេល​ដែលការវាយប្រហារយ៉ាងខ្លាំងក្លានៅតែបន្ត ក្នុងប្រទេសអ៊ីរ៉ង់ បណ្តាប្រទេសឈូងសមុទ្រ និងជាពិសេសនៅប្រទេសលីបង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pazeshkian នាថ្ងៃទី ៨ ខែមេសា បានបញ្ជាក់ថា បទឈប់បាញ់នៅប្រទេសលីបង់ គឺជាលក្ខខណ្ឌចាំបាច់មួយនៃផែនការ ១០ ចំណុចរបស់អ៊ីរ៉ង់ដើម្បីបញ្ឈប់សង្គ្រាម។ លោក​ប្រធានាធិបតី Pezeshkian ក៏បានសង្កត់ធ្ងន់ថា ការទទួលយកបទឈប់បាញ់គឺជាសញ្ញាច្បាស់លាស់នៃការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។

សេចក្តីប្រកាស​ទាំងនេះ ត្រូវបានធ្វើឡើងក្នុង​បរិបទដែល រោងចក្រចម្រាញ់ប្រេងមួយកន្លែង​នៅលើកោះ Lavan របស់អ៊ីរ៉ង់ រងការវាយប្រហារ និងឆាប់ឆេះយ៉ាងខ្លាំង តែប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ បាន​ចូលជាធរមាន។ អ៊ីរ៉ង់បានតបតវិញដោយការវាយប្រហារលើប្រទេសជាច្រើន​នៅ​ក្នុងតំបន់ ដែលជាមូលដ្ឋានយោធា​របស់​អាមេរិក រួមមានប្រទេសគុយវ៉ែត UAE កាតា និងបារ៉ែន។

កងទ័ពជើង​អាកាសអ៊ីស្រាអែលនាថ្ងៃទី ៨ មេសា បានបើកការវាយប្រហារយ៉ាងខ្លាំងទៅលើគោលដៅរាប់រយកន្លែងនៅប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូតផងដែរ។ ក្រសួងសុខាភិបាលលីបង់បានឲ្យ​ដឹងថា ការវាយប្រហារទាំងនេះបណ្តាល​ឲ្យ​មនុសុ្ស​ ១៨២នាក់បាន​ស្លាប់ និងជិត ៩០០នាក់រងរបួស​។ កាយវិការនេះ បណ្តាល​ឲ្យការចរចាដើម្បី​បញ្ឈប់​ជម្លោះ ប្រឈម​​នឹងហានិភ័យដួលរលំ ហើយ​បានបង្កើនសម្ពាធ​ដល់ការចរចានៅចុងសប្តាហ៍នេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ៕


top