ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យឡើងវិញនូវកម្មវិធីសហប្រតិបត្តិការជាមួយប្រទេសឡាវ និងកម្ពុជា
នារសៀលថ្ងៃទី ២៣ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម បានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងក្រុមហ៊ុនធំៗដើម្បីពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្ដនិងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងវៀតណាម - ឡាវ ; វៀតណាម - កម្ពុជា។
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)
កិច្ចប្រជុំបានពិភាក្សាលើរាល់ដំណោះស្រាយដើម្បីពន្លឿនកម្មវិធី និងគម្រោងសហប្រតិបត្ដិការជាមួយឡាវ និងកម្ពុជានៅឆ្នាំ២០១៩។ ទោះបីស្ថានភាពអន្តរជាតិនិងក្នុងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញក៏ដោយក៏កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងវៀតណាមជាមួយឡាវនិងកម្ពុជាក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៩ បានកើនឡើង ១៥% និងលើសគោលដៅដែលបានកំណត់។ ហើយកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ថាមពល គមនាគមន៍ ការអប់រំនិងបណ្តុះបណ្តាល វប្បធម៌ ក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។
យោងតាមកម្មវិធីដែលគ្រោងទុក លោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម នាខែតុលាខាង មុខនេះ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ