សន្និសីទនេះបានប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធវីដេអូអនឡាញជាមួយខេត្ត ក្រុងទាំង ៣៤។
នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥សល់តែជាង ២ ខែទៀតប៉ុណ្ណោះ ដូច្នេះចាំបាច់ត្រូវពន្លឿន និងទម្លុះទម្លាយដើម្បីសម្រេចបាននូវគោលដៅកំណើនចាប់ពី ៨% នៅឆ្នាំនេះ។ កម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសម្រាប់កំណើននោះ គឺការវិនិយោគ តាមនោះអត្រាបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងអាណត្តិនេះបានកើនឡើង ៥៥% បើធៀបនឹងអាណត្តិមុន។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្រទេសជាតិទាំងមូលទើបបញ្ចេញទុនវិនិយោគត្រឹមតែជិត ៤៥៥ ទ្រីលានដុង (ប្រហែល ១៨ ពាន់លានដុល្លារអាមេរិក) ពោលគឺស្មើនឹង ៥០,៧% នៃផែនការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន និងទាបជាងតម្រូវការ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវវិភាគពីមូលហេតុ ហើយខិតខំប្រឹងប្រែងបំពេញគោលដៅដែលបានដាក់ចេញ៖
“ខ្ញុំស្នើឱ្យជ្រួតជ្រាបស្មារតីនេះ ដើម្បីធ្វើការប្រកបដោយស្មារតីទទួលខុសត្រូវ ស្របតាមបទប្បញ្ញត្តិរបស់បក្ស និងរដ្ឋផង ប៉ុន្តែក៏ត្រូវធ្វើការជាមួយនឹងសតិសម្បជញ្ញៈរបស់ខ្លួនផងដែរ។ ផ្ទះនីមួយៗបានសាងសង់ឡើង គម្រោងនីមួយៗបានសម្រេចរួចរាល់ ដើម្បីនាំមកនូវភាពសប្បាយរីករាយ និងសេចក្ដីសុខដល់ប្រជាជន រួមចំណែកដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងមូល។ ដូច្នេះ និយាយតិច ធ្វើច្រើន បង្ហាញតាមរយៈផលិតផលជាក់លាក់”។
ក្នុងបរិបទដែលប្រទេសទាំងមូលអនុវត្តន៍ការងារសំខាន់ៗជាច្រើន ដោយមានបន្ទុកការងារដ៏ធំធេងនោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាននឹងបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ ក្នុងនោះ ចាត់ទុកការវិនិយោគសាធារណៈ ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច រួមចំណែកលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ៕