លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្នើឲ្យផ្នែកទូតត្រូវតែច្នៃប្រឌិតយ៉ាងពិតប្រាកដ និងខ្លាំងក្លាក្នុងការត្រិះរិះ និងវិធីសាស្រ្ត ដោយផ្តោតលើលទ្ធផល និងផលិតផលចុងក្រោយ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញសង្កត់ធ្ងន់ថា៖ “កម្មាភិបាលបំពេញការងារកិច្ចការបរទេសម្នាក់ៗ ត្រូវតែបង្កប់ដោយសំណួរថា៖ បន្ទាប់ពីជំនួបនីមួយៗ បន្ទាប់ពីការចរចានីមួយៗ បន្ទាប់ពីគំនិតផ្តួចផ្តើមនីមួយៗ និងបន្ទាប់ពីដំណើរទស្សនកិច្ចនីមួយៗ តើយើងបានបង្កើតធនធានបន្ថែមអ្វីខ្លះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ពង្រឹងឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិនៅក្នុងសហគមន៍អន្តរជាតិ? ប្រសិនបើយើងអាចឆ្លើយសំណួរនេះបានជាមួយនឹងលទ្ធផលជាក់ស្តែង ផ្នែកការទូតវៀតណាមពិតជានឹងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អប្រសើរជាពុំខាន។ នោះគឺជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏មានភាពរុងរឿងផងដែររបស់វិស័យការទូត ហើយក៏ជាការប្តេជ្ញាចិត្តរបស់វិស័យនេះចំពោះបក្ស ចំពោះប្រជាជន និងចំពោះរដ្ឋាភិបាល។ ដូចបាវចនាដឹកនាំរបស់រដ្ឋាភិបាលគឺ "សកម្មភាព សកម្មភាព និងសកម្មភាព" និង "ធ្វើការ ធ្វើការនិងធ្វើការ" ខ្ញុំក៏ស្នើឱ្យវិស័យការទូតទាំងមូល ជ្រួតជ្រាបឲ្យបានច្បាស់លាស់អំពីស្មារតីនេះ និងប្រែក្លាយការតាំងចិត្តទៅជាសកម្មភាពដើម្បីសម្រេចភារកិច្ចដែលបានកំណត់ទាំងអស់ដោយជោគជ័យ”។
បទបង្ហាញរបស់ឯកអគ្គរដ្ឋទូតនៅក្នុងសន្និសីទដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភ្នាក់ងារតំណាង វៀតណាមនៅបរទេសក្នុងយុគសម័យថ្មី។ តំណាងមកពីក្រសួង វិស័យ និងមូលដ្ឋាននានា បានបញ្ជាក់ពីភាពសកម្ម និងការត្រៀមខ្លួនជាស្រេច ក្នុងការទទួលធនធាន គម្រោងសហប្រតិបត្តិការអន្តរជាតិ; ធានាលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីត្រៀមខ្លួនទទួលគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព៕






