ព័ត៌មាន
ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងបំពេញទស្សនកិច្ចនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន
យោងតាមលោករដ្ឋមន្ត្រី ឡេ ហយជុង ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ជាពិសេសសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយបណ្តាប្រទេសជាសមាជិក និងប្រទេសម្ចាស់ផ្ទះ។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការបង្កើត BRICS។ ដូច្នេះ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលមិនត្រឹមតែពង្រឹងការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមចំពោះ BRICS ក្នុងនាមជាប្រទេសដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយសមាជិក BRICS និងប្រទេសដៃគូផ្សេងទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ BRICS វៀតណាមបានពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ ព្រមទាំងបានស្វែងយល់ពីសក្តានុពលសហប្រតិបត្តិការថ្មីៗនិងជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ។
ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកនយោបាយឥណ្ឌា និងមតិសាធារណៈផងដែរ។ មតិទាំងអស់ មិនត្រឹមតែផ្តោតលើអត្ថន័យទ្វេភាគីនៃជំនួបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការចូលរួមរបស់វៀតណាមនៅក្នុងដំណើរការពង្រីក និងបង្កើនតួនាទីរបស់ BRICS ទៀតផង។ ដោយវាយតម្លៃការចូលរួមរបស់វៀតណាមចំពោះ BRICS លោកសាស្ត្រាចារ្យ Faisal Ahmed មកពីសាលាគ្រប់គ្រង Fore នៅសាកលវិទ្យាល័យដេលី (ឥណ្ឌា) បានសង្កត់ធ្ងន់ថា៖ «គោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រដែលវៀតណាមកំពុងស្វែងរក ជួយបង្កើនតួនាទីរបស់វៀតណាមជាកត្តាដ៏មានឥទ្ធិពលនៅអឌ្ឍគោលខាងត្បូង។ ទីពីរ គឺបញ្ហានៃបណ្តាញផលិតកម្មសកល។ សក្តានុពលដ៏ធំធេងរបស់វៀតណាមក្នុងការពង្រីកនិងបង្កើតបណ្តាញផលិតកម្មសកល ដោយតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់» ៕





