នារសៀលថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ ក្នុងជំនួបសវនាការជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ លោក Sophon Zaram ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ពិសេស ដោយបានធ្វើឡើងចំឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ - ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦) ដែលរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ដូចជាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តរក្សាការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការសំខាន់ៗ ជាពិសេសយន្តការកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម ក្រោមសហអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ; សម្របសម្រួលអនុវត្តន៍កម្មវិធីសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងថៃ ដំណាក់កាល ២០២៦-២០៣១ ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបន្តរក្សាយន្តការសហប្រតិបត្តិការការពារជាតិ-សន្តិសុខប្រកបដោយប្រសិទ្ធភាព; ជំរុញការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; មិនអនុញ្ញាតឲ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសម្ខាងដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសម្ខាងទៀត។
ដោយពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជំរុញជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)៕






