នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលស្វាគមន៍តំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម និងឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម (រូបថត៖ VNA)
ជំនួបនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាមទើបតែរៀបចំ មហា សន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ហើយ វៀតណាម និងសហភាពអឺរ៉ុបបានលើកកំពស់ជាផ្លូវការនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅថ្ងៃទី២៩ ខែមករា។
ដើម្បីធ្វើឱ្យខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - សហភាពអឺរ៉ុបកាន់តែច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយលើកកម្ពស់ពាណិជ្ជកម្មបើកចំហនិងមានតុល្យភាព សម្រួលដល់ការចូលទីផ្សារ និងធានាផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្មទាំងសងខាង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើ ឱ្យឯកអគ្គរដ្ឋទូត និងភារធារីសហភាពអឺរ៉ុបជំរុញប្រទេសជាសមាជិកដែលនៅសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ខណៈពេលដែលពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។ លើសពីនេះ វៀតណាមនឹងបន្តសម្រួលដល់នីតិវិធីទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសដទៃទៀត រួមទាំងសហភាពអឺរ៉ុបផងដែរ។
ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមកំពុងអនុវត្តវិធានការយ៉ាងសកម្មដើម្បីសុក្រិតក្របខ័ណ្ឌច្បាប់ គ្រប់គ្រងប្រភពដើមនៃអាហារសមុទ្រ ត្រួតពិនិត្យប្រតិបត្តិការនាវានេសាទ និងដោះស្រាយការរំលោភបំពានយ៉ាងតឹងរ៉ឹង។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយក្រុមត្រួតពិនិត្យ ពីគណៈកម្មការអឺរ៉ុប (EC) ហើយបានស្នើឱ្យប្រទេសសហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម គាំទ្រការដក "កាតលឿង" របស់សហភាពអឺរ៉ុបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍវិស័យនេសាទទំនើប និងប្រកបដោយចីរភាព។
ចំណែកឯភាគីសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតនិងភារធារីសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើបំណងប្រាថ្នា ក្នុងការពង្រឹងភាពជាដៃគូជាមួយវៀត ណាមលើគ្រប់វិស័យ; ប្តេជ្ញាអនុវត្ត EVFTA ប្រកបដោយប្រសិទ្ធភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងកំណើនបៃតង ដែលជាចំណុចខ្លាំងរបស់សហភាពអឺរ៉ុប។ បណ្តាប្រទេសសហភាពអឺរ៉ុបបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់វៀតណាម និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងបានសម្តែងបំណងប្រាថ្នា សម្រាប់កិច្ចសហប្រតិបត្តិការបន្តក្នុងការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព៕








