នៅលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
លោក Abbas Araghchi បានឲ្យដឹងថែមទៀតថា ភាគីនានាបានយល់ព្រមលើកលែងទណ្ឌកម្មលើការនាំចេញប្រេងនិងគីមីឥន្ធនៈ
លើកការបិទខ្ទប់ បញ្ឈប់ការបង្កកទ្រព្យសម្បត្តិមួយចំនួន
ហើយចាប់ផ្ដើមផែនការដ៏ធំមួយសម្រាប់ការកសាងឡើងវិញនិងការអភិវឌ្ឍប្រទេសអ៊ីរ៉ង់។
នាថ្ងៃដដែល អនុប្រធានាធិបតីអាមេរិក លោក JD
Vance បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ
(IAEA) វិលត្រឡប់មកប្រទេសនេះវិញ
បន្ទាប់ពីកិច្ចចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុង Burgenstock ប្រទេសស្វីស
លោក Vance បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីការវិលត្រឡប់របស់ក្រុមអធិការកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់វិញ
អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ
ក្នុងបរិបទដែលអ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងខែមិថុនា
ឆ្នាំ២០២៥។
រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil
Baqaei បាននិយាយមុននោះថា
"មានការពិភាក្សាខ្លីមួយលើបញ្ហានុយក្លេអ៊ែរ
ប៉ុន្តែវាមិនបានចូលដល់លម្អិតទេ"។
អ៊ីរ៉ង់មិនទាន់ចេញសេចក្តីថ្លែងការណ៍ថ្មីណាមួយ
ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រកាសពីការវិលត្រឡប់របស់ក្រុមអធិការកិច្ច IAEA ទៅកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះនៅឡើយទេ។
ទាក់ទងនឹងភាគីសម្របសម្រួលផ្សះផ្សា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា ការពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងស្ថាបនា ដោយបញ្ចប់ជាមួយនឹងការបង្កើតគណៈកម្មាធិការកម្រិតខ្ពស់មួយ ដើម្បីឃ្លាំមើលដំណើរការនយោបាយ ព្រមទាំងចាប់ផ្ដើមជុំចរចាបច្ចេកទេសបន្ទាប់៕





