ប្រជាជនទាំងអស់ គ្រួសារទាំងអស់មានបុណ្យតេត
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ
ផ្សារបុណ្យតេតសប្បុរសធម៌ ត្រូវបានកាកបាទក្រហមគ្រប់លំដាប់ថ្នាក់
តាំងពីមជ្ឈិមដល់មូលដ្ឋាន រៀបចំឡើងដោយមានការរួមដំណើរពីសហគ្រាស សប្បុរសជន
និងសង្គមជាតិទាំងមូល។ មុខទំនិញ របស់របរប្រើប្រាស់ក្នុងបុណ្យតេត អំណោយបុណ្យតេត ប័ណ្ណទិញទំនិញសូន្យដុង
ត្រូវបានផ្តល់ជូនដោយផ្ទាល់ដល់ជនក្រីក្រ ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក ជនពិការ
និងក្រុមងាយរងគ្រោះផ្សេងទៀត។ ផ្សារបែបនេះបានជួយរីកសាយភាយស្មារតីសហគមន៍ ភាពសប្បុរស
ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក
ដែលនាំមកនូវសេចក្តីរីករាយកាន់តែច្រើនដល់មនុស្សគ្រប់គ្នាក្នុងអំឡុងពេលបុណ្យតេត។
“អំណោយទាំងនេះមានអត្ថន័យណាស់។
ទឹកត្រី ម្សៅស៊ុប ស្ករ...មានប្រយោជន៍ខ្លាំងណាស់។ បងប្អូននារីយើង
ទទួលបានជំនួយខ្លះៗសម្រាប់ក្រុមគ្រួសារ។ ខ្ញុំមានបំណងថា
ឆ្នាំណាក៏ទទួលបានអំណោយបែបនេះដែរ”។
“មីសួសាគូ អង្ករដំណើប
ស្ករគ្រាប់... ដោយទទួលបានអំណោយ ០ ដុងយើងខ្ញុំនឹង មិនបាច់ដើរទិញទំនិញទៀតទេ
ព្រោះគ្រប់គ្រាន់សម្រាប់បុណ្យតេតហើយ”។
រួមជាមួយសមាគមកាកបាទក្រហមវៀតណាម
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សហព័ន្ធពលករវៀតណាម
និងសម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់ក៏បានរៀបចំសកម្មភាពជាបន្តបន្ទាប់
ដើម្បីថែទាំទាំងខាងសម្ភារៈ និងស្មារតី សម្រាប់សមាជិកសហជីព ពលករ
ជាពិសេសអ្នកដែលមានស្ថានភាពលំបាក។ ឆ្នាំនេះ សកម្មភាពគឺឆ្ពោះទៅរកប្រធានបទ
"បុណ្យតេតកក់ក្ដៅ - និទាឃរដូវដឹងគុណបក្ស" ដោយមានបាវចនាដែលសមាជិកសហជីព
និងពលករទាំងអស់ សុទ្ធតែមានបុណ្យតេត ដូចជា៖ ផ្សារតេតសហជីព; កម្មវិធី "រថភ្លើងសហជីព - និទាឃរដូវឆ្នាំ ២០២៥"; កម្មវិធី "ជើងហោះហើរសហជីព - និទាឃរដូវឆ្នាំ ២០២៥" ជាដើម។
“ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានការយកចិត្តទុកដាក់និងការថែទាំពីសហជីព។
នេះជាការលើកទឹកចិត្តដែលជួយឱ្យយើងខ្ញុំកាន់តែមានអារម្មណ៍រីករាយនៅដើមឆ្នាំថ្មី
បង្កើតជាកម្លាំងចលករដើម្បីបន្តខិតខំប្រឹងប្រែងក្នុងឆ្នាំនេះ”។
“ឆ្នាំនេះបានទទួលអំណោយពីសហជីពគ្រប់ជាន់ថ្នាក់
ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់។ ក្រៅពីអំណោយ ខ្ញុំបានទទួលជំនួយជាសាច់ប្រាក់
ប័ណ្ណទិញទំនិញបញ្ចុះតម្លៃ និងសំបុត្ររថយន្តទៅស្រុកកំណើត ទទួលបុណ្យតេត”។
ពង្រីកកម្លាំងនៃប្រព័ន្ធទាំងមូលក្នុងការថែទាំមុខសញ្ញាងាយរងគ្រោះក្នុងអំឡុងពេលបុណ្យតេតអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម
ថែទាំយ៉ាងយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ
ជាពិសេសអ្នកដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ
និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំងឺរាតត្បាត
តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច កម្មករ កម្មការិនី
អ្នកដែលបាត់បង់ការងារធ្វើ... ធានាថាគ្រួសារទាំងអស់
ប្រជាពលរដ្ឋទាំងអស់មានលក្ខខណ្ឌទទួលអំណរបុណ្យតេត។
នេះជាខ្លឹមសារដែលបានលើកឡើងដំបូងគេក្នុងសារាចរណ៍របស់គណៈលេខាស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំ ២០២៥។ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា៖
“ផ្តោតលើការអនុវត្តឲ្យបានល្អនូវសារាចរណ៍លេខ៤០
ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈលេខា សារាចរណ៍របស់នាយករដ្ឋមន្ត្រី
និងផ្នែកនានា ស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេតឆ្នាំ២០២៥
ធានាថាគ្រប់គ្រួសារមានបុណ្យតេត គ្មានអ្នកណាត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។
ទន្ទឹមនឹងនោះ រៀបចំឱ្យបានល្អនូវសកម្មភាពសាកសួរសុខទុក្ខ អបអររដូវផ្ការីក
អំណរបុណ្យតេតប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាព និងអត្ថន័យជាក់ស្ដែង”។
គោលជំហរនិងគោលនយោបាយស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេត
បានបង្ហាញឲ្យឃើញថា ក្រុមងាយរងគ្រោះជានិច្ចកាលជាការយកចិត្តទុកដាក់
និងអាទិភាពចម្បងរបស់បក្ស និងរដ្ឋ។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ច លោក Nguyen Van Hoi បានឲ្យដឹងថា៖
“សម្រាប់មុខសញ្ញាដែលទទួលការគាំពារសង្គម
និងជនក្រីក្រ មូលដ្ឋានភាគច្រើនមានផែនការថែទាំក្នុងឱកាសបុណ្យតេត
ហើយអំណោយមានតម្លៃជាមធ្យម ៣០ ម៉ឺនដុង/គ្រួសារ (ប្រហែល ១១,៨ ដុល្លារ); ទីក្រុងហូជីមិញមានកម្រិត ១,១៥ លានដុង/គ្រួសារ (ច្រើនជាង ៤៥ ដុល្លារ) ហើយខេត្ត
ក្រុងជាច្រើនក៏មានកម្រិតខ្ពស់ជាងមធ្យមផងដែរ។ ទាក់ទិននឹងអង្ករ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយអង្ករចំនួន ៧.៥០០ តោន
ដល់ប្រជាពលរដ្ឋជិត ៥០ ម៉ឺននាក់ ដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ ទឹកជំនន់
និងបងប្អូនជនជាតិភាគតិចក្រីក្រ និងលើបន្ទាត់ក្រីក្រ។
ការចំណាយសរុបលើការធានាសន្តិសុខសង្គមក្នុងអំឡុងពេលបុណ្យតេតត្រូវបានប៉ាន់ប្រមាណថា
មានចំនួនប្រហែល ១០ ទ្រីលានដុង (ជាង ៣៩៣,៨
លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ”។
ការចុះសួរសុខទុក្ខ លើកទឹកចិត្ត
និងប្រគល់អំណោយដ៏មានអត្ថន័យមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់គ្រួសារក្រីក្រ
គ្រួសារគោលនយោបាយ ជនមានគុណូបការៈ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកពិសេស
មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ ការថែទាំរបស់បក្ស រដ្ឋ
ការរួមដៃជួយឧបត្ថម្ភរបស់សហគមន៍ប៉ុណ្ណោះទេ
ថែមទាំងបង្ហាញពីស្មារតីមហាសាមគ្គីជនជាតិទាំងមូល។ ប្រការនេះក៏បង្ហាញឱ្យឃើញថា
គោលជំហរ គោលនយោបាយធានាសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ
ជានិច្ចកាលត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម
លើកទឹកចិត្តគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយឈានឡើងក្នុងជីវភាព៕