នៅរសៀលថ្ងៃទី ៩ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ ទាក់ទងនឹងការដែល វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅថ្ងៃទី ២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ថា បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរវាងវៀតណាម និងបណ្តាប្រទេស EFTA៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការចរចារយៈពេល ១៤ ឆ្នាំ។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃការចរចាដែលសម្រេចបានជាមួយប្រទេសជាសមាជិក EFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EFTA។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបង្កើនចំនួន FTA សរុបដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូឡើងដល់ ១៨។ ទន្ទឹមនឹងនោះ តភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងអឺរ៉ុបយ៉ាងទូលំទូលាយ»។
នាពេលអនាគត វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក EFTA ដើម្បីពន្លឿនការចុះហត្ថលេខា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៃកិច្ចព្រមព្រៀង៕





