នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងកម្មវិធី "មោទនភាពកសិករវៀតណាម” ឆ្នាំ២០២៦ ដែលរៀបចំឡើងក្រោមអធិបតីភាពរបស់មជ្ឈិមសមាគមកសិករវៀតណាម។
ដោយមានប្រធានបទ "កសិករវៀតណាមឆ្នើមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី" ពិធីលើកតម្កើងឆ្នាំនេះ បានបោះឆ្នោតជ្រើសរើសកសិករវៀតណាមឆ្នើមចំនួន ៩៦ នាក់ ដែលជាកសិករគំរូបំផុតក្នុងវិស័យជាច្រើន ដូចជា៖ គំរូផលិតកម្មឆ្ពោះទៅរកកសិកម្មបៃតង វិលជុំ សរីរាង្គ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរគំរូ វិធីសាស្រ្តផលិតកម្មក្នុងវិស័យកសិកម្ម និងជនបទ ការត្រួសត្រាយផ្លូវក្នុងការនាំយកបច្ចេកវិទ្យាខ្ពស់ កសិកម្មឌីជីថល ការច្នៃប្រឌិត ឬដំណើរការកសិកម្មប្រកបដោយចីរភាពទៅក្នុងផលិតកម្ម។ ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានសង្កត់ធ្ងន់ថា៖
“បន្តយល់ដឹងឲ្យបានស៊ីជម្រៅ និងអនុវត្តន៍ឲ្យទាន់ពេលវេលានូវសេចក្តីសន្និដ្ឋានលេខ ២១៩ របស់ការិយាល័យនយោបាយស្តីពីកសិកម្ម កសិករ និងជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ តាមនោះ ចាំបាច់ត្រូវផ្លាស់ប្តូរផ្នត់គំនិតយ៉ាងខ្លាំងពីផលិតកម្មកសិកម្មសុទ្ធសាធទៅជាសេដ្ឋកិច្ចកសិកម្ម ពីការផ្តោតលើទិន្នផលទៅជាការកែលម្អគុណភាព តម្លៃបន្ថែម ម៉ាកយីហោ និងទីផ្សារ។ បន្តរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញតាមខ្សែសង្វាក់តម្លៃ អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្ម ដើម្បីលើកកំពស់ផលិតភាព គុណភាព និងតម្លៃកសិផល។ កសាងជនបទថ្មីទំនើប រីកចម្រើន ស្រស់ស្អាត និងមានអត្តសញ្ញាណ”៕






