លោកស្រី សុជាតា បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា នៅតែប្តេជ្ញាអនុវត្តឱ្យបានពេញលេញនូវគ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ រួមទាំងការបញ្ឈប់សកម្មភាពជាអរិភាពទាំងអស់ មិនចល័ត ឬដាក់ពង្រាយកងទ័ពបន្ថែមទៀត កងទ័ពនៃប្រទេសទាំងពីរត្រូវរក្សាទីតាំងចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា និងបង្កើតក្រុមការងារដើម្បីធ្វើជាបណ្តាញទំនាក់ទំនង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងដែរថា ក្រុមការងារឃ្លាំមើលចំនួនពីរ ដឹកនាំដោយប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ ក្រុមមួយស្ថិតក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមមួយទៀតស្ថិតក្នុងប្រទេសថៃ ដែលក្រុមនីមួយៗដឹកនាំដោយសេនានុព៍ន្ធយោធាជាន់ខ្ពស់ម៉ាឡេស៊ីប្រចាំនៅប្រទេសទាំងពីរ៕