តាមទិន្នន័យស្ថិតិថា នាបច្ចុប្បន្នបរិមាណវិនិយោគិនថៃដែលកំពុងធ្វើសកម្មភាពនៅវៀតណាមគឺខ្ពស់ជាងច្រើន បើប្រៀបនឹងបរិមាណវិនិយោគិនវៀតណាម នៅថៃ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang (រូបថត៖ VOV)
ខណៈដែលថៃមានគម្រោងការណ៍វិនិយោគផ្ទាល់ចំនួន ៤៥៨ ចូលមកវៀតណាមដោយដើមទុនចុះបញ្ជីសរុបជិត ៩ ពាន់លានដុល្លាអាមេរិកនោះគឺវៀតណាមមានគម្រោការណ៍តែ ១១ នៅថៃប៉ុណ្ណោះ។ ដូច្នេះហើយតើមូលហេតុនិងឱកាសអ្វីខ្លះរបស់សហគ្រាសវៀតណាម នៅពេលបណ្ដាក់ទុនចូលទៅប្រទេសថៃ? នោះគឺ ជាខ្លឹមសារនៃការឆ្លើយសម្ភាសន៍របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang ជាមួយអ្នកយកព័ត៌មាន VOV ក្នុងឱកាសដើមឆ្នាំថ្មី២០១៨។
នាបច្ចុប្បន្ន វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ថៃក្នុងអាស៊ាន។ ប្រការនេះបានសរឲ្យឃើញនូវឋានៈរបស់វៀតណាមចំពោះថៃ។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរមានការរីកចម្រើនជាច្រើន។ វៀតណាមកំពុងជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្ម ដើម្បីនាំសហគ្រាសក៏ដូចជាទំនិញវៀតណាម ជ្រៀតចូលទីផ្សារថៃ។ ប៉ុន្តែ វត្តមានរបស់សហគ្រាសវិនិយោគិនវៀតណាម នៅថៃនៅតែតិចតួចណាស់។ ស្ដីពីបញ្ហានេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានឲ្យដឹងថា៖
“មូលហេតុគឺកម្លាំងសេដ្ឋកិច្ច បទពិសោធន៍អំពីហិរញ្ញវត្ ថុនិងការបោះទុនវិនិយោគ ទៅឯបរទេសរបស់សហគ្រាសវៀតណាម នៅតែខ្សោយជាង បើប្រៀបនឹងសម្ព័ន្ធក្រុមហ៊ុននានារបស់ថៃ។ បណ្ដាសហគ្រាសថៃ គេជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចដែលមានដំណើរការផ្ទុកបម្រុងមូលធន ក្នុងរយៈពេលរាប់រយឆ្នាំកន្លងមក ហើយគេមានកម្លាំងហិរញ្ញវត្ថុពិសេសគឺគេយកចិត្តទុកយ៉ាងខ្លាំងដល់ទីផ្សារវៀតណាមណាស់។ ក្រៅពីនោះ គេចេះឆ្លៀតយកល្អនូវលក្ខណៈងាយស្រួលក៏ដូចជា អាទិភាពអំពីពន្ធដែលសហគមន៍សេដ្ឋកិច្ចអាស៊ាននាំមកជូន”។
ប៉ុន្តែ តាមការវាយតំលៃរបស់ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា មជ្ឈដ្ឋានសហគ្រាសវៀតណាមកំពុងមានឱកាសជាច្រើន ដើម្បីវិនិយោគ ធ្វើអាជីវកម្ម នៅថៃដែរ ព្រោះថា អតិថិជនថៃបានស្គាល់ដល់ និងនិយមចូលចិត្តទំនិញវៀតណាម ពិសេសគឺទំនិញកសិផលនិងជលផល៖
“វៀតណាមនិងថៃមានលក្ខណៈស្រដៀងគ្នាជាច្រើនអំពីទំនិញនិងពាណិជ្ជកម្ម។ ប្រទេសទាំងពីរសុទ្ធតែផលិតមុខទំនិញដូចគ្នា ដូចជាអង្ករ ផ្លែឈើ និង ស្បៀងអាហារជាដើម។ ជាការពិតណាស់ដែលប្រទេសទាំងពីរជាគូប្រជែងរបស់គ្នាលើផ្នែកនិងមុខទំនិញជាច្រើន។ ប៉ុន្តែ ក៏មានសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅទីផ្សារថៃដែរ។ ឧទាហរណ៍គឺក្រុមហ៊ុន Vietjet air ដែលធ្វើសកម្មភាពក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍។ វិស័យពាណិជ្ជកម្មជាច្រើនទៀតដូចជាជលផល នាំចេញកាហ្វេ នាំចេញឧបករណ៍ អេឡិចត្រូនិក និងព័ត៌មានវិទ្យា ជាវិស័យដែលសហគ្រាសវៀតណាមមានឱកាស នៅប្រទេសថៃ”។
ឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ សេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយបរិយាកាសនយោបាយ សង្គមក៏មានស្ថិរភាពដែរ។ ប្រការនេះបានទាក់ទាញភ្ញៀវទេសចរថៃជាច្រើនកុះករមកវៀតណាម។ នេះជាវិស័យដែលសហគ្រាសវៀតណាមអាចធ្វើអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ ស្ថានទូតវៀតណាមក៏ជួយឧបត្ថម្ភយ៉ាងសកម្មដើម្បី ផ្សព្វផ្សាយទេសចរណ៍នៅថៃ ផងដែរ។
“ស្ថានទូតវៀតណាមបានរៀបចំកិច្ចសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាតិនានា ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម នៅថៃ។ យើងខ្ញុំបានដំណើរការស្វែងយល់អំពីចំណងចំណូលចិត្តរបស់ភ្ញៀវទេសចរថៃ ហើយឃើញថា រាល់កេរដំណែលវប្បធម៌ ប្រវត្តិសាស្ត្ររបស់វៀតណាម ដូចជា កំពង់ផែ Thuy ស្ពាន Hien Luong ឈាបនដ្ឋាន Truong Son ទីក្រុង Da Nang និងទីក្រុង Hoi An ជានិច្ចកាលមានកម្លាំងទាក់ទាញចំពោះ ជនថៃ។ ទន្ទឹមនឹងនោះ ជនថៃចូលចិត្តម្ហូបអាហាររបស់វៀតណាមយ៉ាងច្រើនណាស់។ គេចាត់ទុកថានោះជាម្ហូបអាហារមានឱជារសចំពោះសុខភាព”។
វៀតណាមនាបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទី២របស់ថៃក្នុងតំបន់អាស៊ាន ហើយថៃក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងតំបន់ដែរ។ តាម ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថា គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ២០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ នឹងក្លាយទៅជាការពិតយ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម