ព្រះបរមរាជវាំងថាំងឡុង
(ស្ថិតនៅអាគារលេខ ១៨ ផ្លូវ Hoang Dieu ទីក្រុងហាណូយ)
ត្រូវបានក្រុមអ្នកស្រាវជ្រាវ និងអ្នកបុរាណវត្ថុវិទ្យាជីកគាស់កកាយ ក្នុងឆ្នាំ ២០០២
លើផ្ទៃដីសរុប ១៩.០០០ ម៉ែត្រការ៉េ ដែលជាការជីកគាស់កកាយធំបំផុតនៅវៀតណាម
និងតំបន់អាស៊ីអាគ្លេយ៍ទាំងមូលនាគ្រានោះ។ ការជីកគាស់កកាយនោះ
បានបង្ហាញស្នាកស្នាមនៃព្រះបរមរាជវាំងថាំងឡុង
ក្នុងដំណើរការប្រវត្តិសាស្ត្រអូសបន្លាយតាមរយៈ ១៣ សតវត្ស ពេញមួយរាជវង្ស Ly,
Tran, Le, Mac និង Nguyen (១០១០-១៩៤៥)
ជាមួយនឹងបេតិកភ័ណ្ឌនិងវប្បធម៌ច្រើនស្រទាប់។ នាខែសីហា ឆ្នាំ ២០១០
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការអប់រំ វិទ្យាសាស្ត្រ
និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានអនុម័តលើសេចក្តីសម្រេចចិត្តមួយ
ដោយទទួលស្គាល់ប្រព័ន្ធបរមរាជវាំងថាំងឡុង-ហាណូយ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោក Christian Manhart ប្រធានតំណាងការិយាល័យ UNESCO ប្រចាំនៅវៀតណាមបានអះអាងថា៖ ព្រះបរមរាជវាំងថាំងឡុង
បង្ហាញពីការផ្លាស់ប្តូរវប្បធម៌ និងឥទ្ធិពលជាច្រើន តាមរយៈ ១៣ សតវត្ស
ទូទាំងតំបន់អាស៊ី។
ចាប់តាំងពីការជីកគាស់កកាយបុរាណវត្ថុវិទ្យាលើកដំបូង
និងជាពិសេសបន្ទាប់ពីការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកមក
ព្រះបរមរាជវាំងថាំងឡុង
តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីភ្នាក់ងារគ្រប់គ្រងរដ្ឋ
ក៏ដូចជាអ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ។
របាយការណ៍ក្នុងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ក្រោមប្រធានបទ “រយៈពេល ២០
ឆ្នាំនៃការស្រាវជ្រាវដើម្បីអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌ ព្រះបរមរាជវាំងថាំងឡុង” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ
ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ បន្ទាប់ពីត្រូវបានអង្គការ UNESCO ចុះបញ្ជី
ក្នុងឆ្នាំ ២០១០ បេតិកភណ្ឌនេះត្រូវបានលើកតម្កើងតាមទម្រង់ជាច្រើន
ការជីកគាស់កកាយបុរាណវត្ថុបានបន្តបង្ហាញអាថ៌កំបាំងបន្ថែមទៀតអំពីព្រះបរមរាជវាំង
ថាងឡុង។ គួរកត់សំគាល់ថា រហូតមកដល់ពេលនេះ ការប្តេជ្ញាចិត្តចំនួន ៨
របស់នាយករដ្ឋមន្ត្រីវៀតណាមចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកស្តីពីតំបន់បេតិកភណ្ឌ
ព្រះបរមរាជវាំងថាំងឡុង ត្រូវបានទីក្រុងហាណូយ
និងស្ថាប័នពាក់ព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាព។ សាស្ត្រាចារ្យរង លោកបណ្ឌិត Tran
Duc Cuong ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម
និងលោកបណ្ឌិត Phan Thanh Hai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានអះអាងថា៖
“កាលពី២០ឆ្នាំមុន និងជាពិសេសរយៈពេល ជាង១០ឆ្នាំមកនេះ ជាក់ស្តែងគឺ
១២ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០ ខណៈដែលព្រះបរមរាជវាំងថាំងឡុង
ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក អាចនិយាយបានថា ការអភិរក្ស និងស្រាវជ្រាវ ដើម្បីបន្តអភិរក្ស
និងផ្សព្វផ្សាយគុណតម្លៃនៃបរមរាជវាំងថាំងឡុង - ហាណូយ ត្រូវបានអនុវត្តដោយភាពបន្ទាន់
និងប្រសិទ្ធភាពខ្ពស់”។
“ប្រការដែលសំខាន់បំផុតនៅទីនេះ
គឺរួមជាមួយនឹងការលេចឡើងនៃបេតិកភណ្ឌបែបនេះ
ការយល់ដឹងនៃការអភិរក្សនិងការលើកកម្ពស់បេតិកភណ្ឌត្រូវបានពង្រឹងកាន់តែខ្លាំងឡើងទាំងនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋក៏ដូចជានៅក្នុងសហគមន៍។
ទាំងនេះមានសារៈសំខាន់ណាស់
ហើយខ្ញុំគិតថានេះគឺជាគន្លឹះដើម្បីជួយទីក្រុងហាណូយក៏ដូចជាប្រជាជនវៀតណាមទូទៅអាចរក្សា
និងលើកតម្កើងតម្លៃនៃបរមរាជវាំង Thang Long ឲ្យកាន់តែប្រសើរឡើង”។
យោងតាមទស្សនៈរួមរបស់អ្នកវិទ្យាសាស្ត្រជាតិនិងអន្តរជាតិជាច្រើន
ការស្រាវជ្រាវ អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ គឺជាដំណើរការរយៈពេលវែង
ដែលទាមទារឱ្យមានការរៀបចំផែនការ និងអនុវត្តប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ។
តាមទស្សនៈនេះ សាស្ត្រាចារ្យបណ្ឌិត Ueno Kunikazu សាកលវិទ្យាល័យ
នារី Naza - ជប៉ុនបានចាត់ទុកថា
ការបន្តដំណើរការស្រាវជ្រាវបុរាណវត្ថុសម្រាប់បរមរាជវាំងថាំងឡុង គឺមានសារៈសំខាន់ណាស់។
ដោយសារតែការស្រាវជ្រាវកាន់តែច្រើននឹងរកឃើញបញ្ហាថ្មីកាន់តែច្រើន
ដែលជាភស្តុតាងច្បាស់លាស់នៃប្រវត្តិសាស្រ្តរបស់បរមរាជវាំងថាំងឡុង ជាហេតុ បន្តលើកកម្ពស់តម្លៃលេចធ្លោជាសាកលនៃបេតិកភណ្ឌនេះ។
តាមទស្សនៈរបស់ទីភ្នាក់ងារគ្រប់គ្រង
លោក Nguyen Thanh Quang នាយកមជ្ឈមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំងឡុង
- ហាណូយ បានឲ្យដឹងថា៖ ផែនការគ្រប់គ្រងសម្រាប់បរមរាជវាំងថាំងឡុង ដំណាក់កាល
២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥
ដោយឈរលើមូលដ្ឋានវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការគ្រប់គ្រងតំបន់បរមរាជវាំងថាំងឡុង
ឆ្នាំ ២០១៣ ព្រមទាំងវិភាគស្ថានភាពបច្ចុប្បន្ននៃតំបន់បេតិកភណ្ឌនៅក្នុង
រយៈពេលបច្ចុប្បន្ន។ ពីទីនោះ ចាត់វិធានការដើម្បីធានាប្រភពដើម
និងលក្ខណៈពេញលេញតំបន់បរមរាជវាំងថាំងឡុង
ជាឃ្លាំងចំណេះដឹងពិតប្រាកដអំពីបុរាណវត្ថុវិទ្យា វប្បធម៌
ដែលទាក់ទងនឹងដំណើរការប្រវត្តិសាស្ត្ររបស់វៀតណាម”។
“ប្រសិនបើតម្រង់ទិសដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥
គឺបរមរាជវាំងថាំងឡុង គឺជាគោលដៅសំខាន់របស់ទីក្រុងហាណូយ។
អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ០៩ របស់ទីក្រុងហាណូយ យើងប្តេជ្ញារក្សាបេតិកភណ្ឌ
ដោយមានមុខងារ ៣ យ៉ាងគឺ ថែរក្សា ជួសជុល និងលើកតម្កើងតម្លៃនៃបរមរាជវាំងថាំងឡុង ដើម្បីឱ្យបេតិកភណ្ឌនេះជាទ្រពសម្បត្តិសម្រាប់បច្ចុប្បន្នកាល
និងសម្រាប់អនាគតកាល”។
ថ្លែងក្នុងសិក្ខាសាលា
“រយៈពេល ២០
ឆ្នាំនៃការស្រាវជ្រាវដើម្បីអភិរក្ស និងលើកកំពស់បេតិកភណ្ឌបរមរាជវាំងថាំងឡុង” លោក Lazare
Eloudou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តគម្រោងរបស់រដ្ឋាភិបាលទីក្រុងហាណូយនេះ។
លទ្ធផលនៃសកម្មភាពស្រាវជ្រាវ និងអភិរក្សលើកកំពស់គុណតម្លៃនៃបរមរាជវាំងថាំងឡុង
ដែលជាកេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានសារសំខាន់
ចំពោះប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់វៀតណាម។
លទ្ធផលនៃការស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គឺជាមូលដ្ឋាន និងគ្រឹះដ៏រឹងមាំសម្រាប់តំបន់បេតិកភណ្ឌពិភពលោក បរមរាជវាំង ថាំងឡុង ឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់ ដែលជាការតម្រង់ទិសដើម្បីសម្បត្តិបេតិកភណ្ឌពិភពលោកនេះឈានចូលដំណាក់កាលបន្ត នោះគឺក្លាយទៅជាឧទ្យានវប្បធម៌ប្រវត្តិសាស្ត្រ ដែលជាគោលដៅប្រកបដោយសុវត្ថិភាព ស្រស់ស្អាត និងបង្កប់នូវស្លាកស្នាមវប្បធម៌ និងប្រវត្តិសាស្ត្រនៃរដ្ឋធានីហាណូយដែលមានអាយុកាលរាប់ពាន់ឆ្នាំ៕