ក្នុងជំនួបជាមួយអគ្គលេខា
បក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយចិន ដើម្បីជំរុញធ្វើឲ្យស៊ីជម្រៅនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀត ណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ក្នុងទិសដៅ “៦ បន្ថែមទៀត”។
លោកអគ្គលេខាបក្ស តូ ឡឹមបានស្នើឲ្យភាគីទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំក្នុងលក្ខណៈបត់បែន; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យ ជាពិសេសការតភ្ជាប់ផ្លូវដែក ពង្រីកយ៉ាងសកម្មទៅក្នុងវិស័យថ្មី នាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាចំណុចភ្លឺថ្មី និងជាកម្លាំងជំរុញកំណើនថ្មីនៃទំនាក់ទំនងវៀត ណាម-ចិន។
លោកអគ្គលេខាបក្ស តូ ឡឹម មានបំណងចង់ឲ្យចិន ពង្រឹងបន្ថែមទៀតការនាំចូលផលិតផលកសិកម្ម អាហារសមុទ្រ និងទំនិញផ្សេងៗទៀតពីវៀត ណាម; ស្នើឱ្យភាគីទាំងពីរគ្រប់គ្រង និងដោះស្រាយបញ្ហាដែនសមុទ្រកាន់តែប្រសើរឡើង បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង បានអះអាង ថា ទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែក រំលែកអនាគត ដែលមានអត្ថន័យយុទ្ធសាស្ត្រជាមួយវៀតណាម ដោយចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវជំរុញខ្លាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនស៊ីជម្រៅ ជាក់ស្តែងប្រកបដោយនិរន្តរភាព។
ក្នុងជំនួបជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel អគ្គលេខាបក្ស លោកតូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលគោរព ថែរក្សា និងប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា ប្រកៀកស្មារជាមួយគ្នាក្នុងការគាំទ្របុព្វហេតុបដិវត្តន៍យុត្តិធម៌របស់ប្រជាជនគុយបា...។ លោកអគ្គលេខាបក្សក៏បានអះអាង សារជាថ្មីនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀត ណាម ដែលមិនគាំទ្រវិធានការហ៊ុមព័ទ្ធជាឯកតោភាគីប្រឆាំងនឹងគុយបា។
រីឯប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានថ្លែងអំណរគុណចំពោះ វៀតណាមដែលតែងតែជាមិត្តជាទីទុកចិត្ត ជានិច្ចកាលគាំទ្រ និង ជួយគុយបាជំនះការលំបាកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសក្នុងអំឡុងពេលដែលរងផលប៉ះពាល់ដោយការឡោមព័ទ្ធ។ លោកប្រធានរដ្ឋ Miguel Díaz-Canel បានអះអាងថា លោកនឹងដឹកនាំក្រសួង វិស័យនានាសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយវៀតណាមក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់គុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ ជាពិសេសជំរុញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការកសិកម្ម ធានាសន្តិសុខស្បៀង។
ជាមួយប្រធានាធិបតីអ៊ូសបេគីស្ថានលោក Shavkat Mirziyoyev អគ្គលេខាបក្ស លោកតូ ឡឹមបានសម្តែងការត្រៀមខ្លួនរបស់វៀតណាមក្នុងការដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ូសបេគីស្ថាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍; ស្នើឱ្យអ៊ូសបេគីស្ថាន គាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីកណ្តាល និងជំរុញការតភ្ជាប់អន្តរតំបន់។
ដោយយល់ស្របនឹងសំណើរបស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានា ធិបតីអ៊ូសបេគីស្ថាន បានស្នើឱ្យភាគីទាំងពីររៀបចំយ៉ាងឆាប់ៗប្រកប ដោយជោគជ័យនូវកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅឆ្នាំនេះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័ន អប់រំ និងការដឹកជញ្ជូន បើកជើងហោះហើរត្រង់ច្រើនថែមទៀត និងបើកទូលាយការដឹកជញ្ជូនទំនិញពហុមុខងារ។
ក្នុងក្របខ័ណ្ឌនៃការចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាមហាជ័យជំនះ (៩ ឧសភា ១៩៤៥ - ៩ ឧសភា ២០២៥) នៅសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស លោក តូ ឡឹម ក៏មានជំនួបទ្វេភាគីជាមួយប្រធានាធិបតីប្រេស៊ីល វេណេស៊ុយអេឡា និងម៉ុងហ្គោលី នាយករដ្ឋមន្ត្រីអាមេនី និងស្លូវ៉ាគីផងដែរ៕