នៅក្នុងរបាយការណ៍មួយដែលបានប្រកាសកាលពីថ្ងៃទី ២ ខែមិថុនា ទីភ្នាក់ងារសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង បានវាយតម្លៃថា វៀតណាមបានអះអាងនូវភាពធន់ និងរក្សាសន្ទុះកំណើនដ៏រឹងមាំ ក្នុងបរិបទនៃការធ្លាក់ចុះពាណិជ្ជកម្មសកល ការអូសបន្លាយនៃជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមជាបន្តបន្ទាប់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់។
យោងតាមទីភ្នាក់ងារសេដ្ឋកិច្ចបារាំង វៀតណាមបច្ចុប្បន្នគឺជាសេដ្ឋកិច្ចមួយក្នុងចំណោមសេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុតនៅអាស៊ី ដោយបន្តទាក់ទាញលំហូរវិនិយោគពីបរទេសដោយសារបរិយាកាសនយោបាយដែលមានស្ថិរភាព ទីតាំងយុទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងសមត្ថភាពសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។ របាយការណ៍នេះសង្កត់ធ្ងន់ថា កំណើនរបស់វៀតណាមបានលើសឆ្ងាយពីការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើន។ មុននោះ ធនាគារពិភពលោក (WB) បានព្យាករណ៍ថា កំណើនរបស់វៀតណាមនឹងស្ថិតនៅកម្រិត ៦,៦% ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ពីកម្រិត ៦,៥%។
ទីភ្នាក់ងារសេដ្ឋកិច្ចបារាំងបានយកចិត្តទុកដាក់ពិសេសចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម។ នៅឆ្នាំ ២០២៥ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួនបួនដែលតំរង់ទិសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយមានគោលដៅនាំឱ្យប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមបានដាក់ចេញមហិឆ្ឆតារក្សាអត្រាកំណើនប្រចាំឆ្នាំ ១០% ឡើងទៅក្នុងរយៈពេលវែង និងអនុវត្តន៍កម្មវិធីវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំដែលមានដើមទុនសរុបប្រមាណ ៥៧០ ពាន់លានដុល្លារអាមេរិក៕





