នៅក្នុងជំនួបពិភាក្សានោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដាក់ចេញទិសដៅសំខាន់ៗ និងប្រគល់ជូនស្ថាប័នពាក់ព័ន្ធ ក្រសួង និងវិស័យនានា បង្កើតកម្មវិធីសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយខ្លឹមសារ និងប្រសិទ្ធ ភាព។ លើបញ្ហាក្នុងតំបន់ ប្រទេសទាំងពីរបានឯកភាពបង្កើនសាមគ្គីភាពអាស៊ាន និងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់នៅក្នុងតំបន់។
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មថាមពលខ្យល់ ការផ្លាស់ប្តូរឌីជីថល ការច្នៃប្រឌិតហិរញ្ញវត្ថុជាដើម។
អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបពិភាក្សា នាយករដ្ឋមន្ត្រីសិង្ហបុរីបានអះអាងថា ការដែលវៀតណាមនិងសិង្ហបុរីលើកកម្ពស់ទំនាក់ទំនងឡើងដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងជួយប្រទេសទាំងពីរឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង រួមចំណែកដល់វិបុលភាពរួមនៃតំបន់អាស៊ានក៏ដូចជាពិភពលោកទាំងមូល។
រីឯខ្លួនវិញ អគ្គលេខាបក្ស លោក តូ ឡឹម មានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពគ្នាខ្ពស់ លើទិសដៅនៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយផ្អែកលើសសរស្តម្ភចំនួន ៦៖ “ទីមួយគឺជំរុញកិច្ចសហប្រតិ បត្តិការដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក។ ទីពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ច នៃប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរី។ ទីបី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងកំណើនបៃតងប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចបៃតង - សេដ្ឋកិច្ចឌីជីថល (បានចុះហត្ថលេខាក្នុងឆ្នាំ ២០២៣) បង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការតភ្ជាប់ថាមពល ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ល។ ទីបួន កសាងសមត្ថភាព និងការតភ្ជាប់ប្រជាជនតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទីប្រាំគឺបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងដែលកំពុងរីកចម្រើន ទីប្រាំមួយគឺបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ”។
អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានអះអាងសារជាថ្មីថា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕






