ព្រំដែនវៀតណាម-ចិន
លាតសន្ធឹងលើដីគោកនិងសមុទ្រ ក្នុងនោះព្រំដែនគោកមានប្រវែងប្រហែល ១៤៤៩ គីឡូម៉ែត្រ។
ខ្សែព្រំដែននេះមានអត្ថន័យដ៏សំខាន់ពិសេសទាក់ទងនឹងការពារជាតិ សន្តិសុខ
ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច
និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសជិតខាងទាំងពីរផងដែរ។ ដូច្នេះ
កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែន និងការអភិវឌ្ឍតំបន់ព្រំដែនគោករវាងប្រទេសទាំងពីរ
ជានិច្ចកាលជាខ្លឹមសារដ៏សំខាន់មួយ។
មូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ព្រំដែនសន្តិភាពនិងមិត្តភាព
ដើម្បីសម្រេចបាននូវខ្សែព្រំដែនសន្តិភាព
និងស្ថិរភាពដូចសព្វថ្ងៃនេះ វៀតណាម និងចិន បានឆ្លងកាត់ដំណើរការចរចាអស់រយៈពេលជាង ៣០
ឆ្នាំ ដោយជំនះលើការលំបាកជាច្រើនទាក់ទងនឹងលក្ខខណ្ឌធម្មជាតិ បច្ចេកទេស
និងបញ្ហាប្រវត្តិសាស្ត្រ។
សន្ធិសញ្ញាព្រំដែនគោក
ដែលប្រទេសទាំងពីរបានចុះហត្ថលេខានាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៩
និងចូលជាធរមានចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០០០
បានបង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏សំខាន់ សម្រាប់ការគ្រប់គ្រង និងការពារព្រំដែន។
ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានដំណើរការខ័ណ្ឌសីមា
បោះបង្គោលព្រំដែនលើដីជាក់ស្ដែង។ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៨
ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់ការងារខ័ណ្ឌសីមា
បោះបង្គោលព្រំដែន។ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០០៩ នៅទីក្រុងប៉េកាំង ប្រទេសចិន
ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួនបីទាក់ទងនឹងព្រំដែនគោករវាងប្រទេសទាំងពីរ
រួមមាន៖ ពិធីសារស្តីពីការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកវៀតណាម-ចិន; កិច្ចព្រមព្រៀងស្តីពីយន្តការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន; កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន
និងយន្តការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-ចិន។
ឯកសារទាំងបីនេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១០។ លោកបណ្ឌិត
Tran Cong Truc អតីតប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាល
បានចាត់ទុកថា៖
“លើទិដ្ឋភាពគតិយុត្តិ
ប្រការនេះបានបន្សល់ទុកឲ្យយើងព្រំដែនដែលត្រូវបានកំណត់ ខ័ណ្ឌសីមា
និងបោះបង្គោលព្រំដែនជាមួយនឹងប្រព័ន្ធបង្គោលព្រំដែនជាតិដ៏ធំ និងរឹងមាំ
ដែលមានឯកសារផ្លូវច្បាប់សម្រាប់ការគ្រប់គ្រង”។
តាមតថភាពជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ
តំបន់ព្រំដែនរវាងប្រទេសទាំងពីរមានស្ថិរភាពជាមូលដ្ឋាន; ប្រព័ន្ធបង្គោលព្រំដែនត្រូវបានរក្សាយ៉ាងរឹងមាំ; សន្តិសុខ
និងសណ្តាប់ធ្នាប់ត្រូវបានធានា; សកម្មភាពចេញចូលនិងដោះដូរពាណិជ្ជកម្មឆ្លងដែនកាន់តែរលូន។
ជាមួយគ្នានោះ ប្រព័ន្ធច្រកទ្វារព្រំដែន
និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលតភ្ជាប់គ្នា ទទួលបានការយកចិត្តទុកដាក់វិនិយោគ
ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ
និងការលើកកំពស់ជីវភាពរបស់ប្រជាជននៅតំបន់ព្រំដែន។
នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរបន្តកសាងព្រំដែនសន្តិភាព
មិត្តភាព និងអភិវឌ្ឍន៍យូរអង្វែង។
ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន
- ស្ពានចងមេត្រីភាពប្រទេសជិតខាង
ដោយផ្អែកលើមូលដ្ឋានគ្រឹះនោះ
កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន
ដែលបានរៀបចំជាលើកដំបូងក្នុងឆ្នាំ ២០១៤
និងត្រូវបានថែរក្សាជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន បានក្លាយជា
"ចំណុចភ្លឺ" ពិតប្រាកដនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
បន្តសមិទ្ធផលទាំងនោះ
កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី១០
ដែលបានធ្វើឡើងចាប់ថ្ងៃទី១៨-១៩ ខែមីនា ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន
បានបន្តអះអាងនូវតួនាទីជាយន្តការសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងការពារជាតិទាំងពីរ
និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Do Duy
Chinh អនុប្រធាននាយកដ្ឋានឃោសនានិងហ្វឹកហ្វឺន
នៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា៖
“កម្មវិធីជួបប្រាស្រ័យលើកទី១០
មានអត្ថន័យដ៏សំខាន់ពិសេស ដែលរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងទំនុកចិត្តនយោបាយ
កសាងចំណងមិត្តភាព និងសាមគ្គីភាពពិសេសរវាងកងទ័ព និងប្រជាជនវៀតណាម-ចិន; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកងកម្លាំងការពារព្រំដែនទាំងពីរ
អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែន រួមចំណែកដល់ការកសាងព្រំដែន
វៀតណាម-ចិន ប្រកបដោយសន្តិភាព មិត្តភាពស្ថិរភាព សហប្រតិបត្តិការ
និងអភិវឌ្ឍន៍យ៉ាងពិតប្រាកដ”។
សកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកម្មវិធីឆ្នាំនេះ
ត្រូវបានអនុវត្តន៍តាមទិសដៅជាក់ស្តែង
ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។ ក្នុងនោះ
ការពិនិត្យសុខភាព ការព្យាបាល និងការថែទាំសុខភាពសម្រាប់ប្រជាជន
គឺជាសកម្មភាពមួយដែលបង្ហាញយ៉ាងច្បាស់អំពីស្មារតីមនុស្សសាស្ត្រនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងភាគីទាំងពីរ។
លោកវរសេនីយ៍ឯក Xiao Jun ប្រធានក្រុមពេទ្យយោធាចិនដែលចូលរួមក្នុងការពិនិត្យសុខភាពនិងព្យាបាលនៅវៀតណាម
បានចែករំលែកថា៖
“សកម្មភាពនេះគឺជាវិធានការជាក់ស្តែងមួយដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្ររវាងទ័ពវៀតណាម-ចិន
ក៏ដូចជានិមិត្តរូបដ៏រស់រវើកនៃការគាំទ្រគ្នាទៅវិញទៅមក
និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ សន្តិសុខព្រំដែន និងសុខភាពប្រជាជន
គឺជាសេចក្តីប្រាថ្នា និងការទទួលខុសត្រូវរួមរបស់យើង”
សកម្មភាពជាក់ស្តែងទាំងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាជនប៉ុណ្ណោះទេ
ថែមទាំងរួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងបង្កើនចំណងមិត្តភាពរវាងកងទ័ព អាជ្ញាធរ
និងប្រជាជននៃប្រទេសទាំងពីរ រីកសាយភាយស្មារតីមិត្តភាព
និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនទាំងមូលទៀតផង។ ក្រោយរយៈពេលជិតមួយទសវត្សរ៍ កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន
បានក្លាយជាស្ពានដ៏សំខាន់មួយ
ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង
ហើយឆ្ពោះទៅរកគោលដៅកសាងព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕







