នៅក្នុងជំនួបពិភាក្សាការងារ
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព
និងផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយអាល្លឺម៉ង់; ស្នើឲ្យអាល្លឺម៉ង់បន្តជួយកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។
ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍យ៉ាងពេញលេញ
និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU)
បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលដែលប្រទេសនីមួយៗមានប្រៀបខ្លាំង
ក្នុងការជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក; ស្នើឲ្យអាល្លឺម៉ង់គាំទ្រវៀតណាម
ពង្រឹងទំនាក់ទំនងជាមួយ EU បំពេញបែបបទផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម
- EU (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ។
លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖
“ដោយឈរលើស្មារតីនៃការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមក
ឯកឧត្តមប្រធានាធិបតីនិងខ្ញុំបានវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ; បន្តជំរុញខ្លាំងទំនាក់ទំនងទ្វេភាគីលើវិស័យសហប្រតិបត្តិការប្រពៃណី
និងពង្រីកទៅកាន់វិស័យសហប្រតិបត្តិការថ្មីៗ ផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាតំបន់
និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ជាពិសេសថ្នាក់ជាន់ខ្ពស់លើគ្រប់កាណាល់ អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព
និងស្រាវជ្រាវ កសាងយន្តការសហប្រតិបត្តិការថ្មី; ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន
និងប្រជាជននៃប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០
នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ (១៩៧៥ - ២០២៥)។
រាល់ប្រការដ៏ល្អប្រសើរដែលយើងខ្ញុំបានព្រមព្រៀងគ្នាត្រូវការសកម្មភាពយ៉ាងសកម្ម
និងជាក់ស្ដែង ជាមួយនឹងការទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបាន។
យើងខ្ញុំនឹងធ្វើសកម្មភាពរួមគ្នា ដើម្បីសេចក្តីសុភមង្គលរបស់ប្រជាជនទាំងពីរ
ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។
រីឯខ្លួនវិញ
ប្រធានាធិបតីអាល្លឺម៉ង់បានអះអាងថា អាល្លឺម៉ង់នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ
និងគាំទ្រវៀតណាមក្នុងដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ
វិទ្យាសាស្ត្រ-បច្ចេកវិទ្យា យុត្តិធម៌ និងកសិកម្ម; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់
និងពហុភាគី។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត
មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព
សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី
និងសមស្របជាមួយច្បាប់អន្តរជាតិផងដែរ។
បន្ទាប់ពីជំនួបពិភាក្សា
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter
Steinmeier បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអំពីពលករចំណាកស្រុករវាងក្រសួងការងារ
យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមជាមួយក្រសួងការងារ
និងសង្គមកិច្ចសហព័ន្ធអាល្លឺម៉ង់៕







