ព័ត៌មាន
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះគណៈប្រតិភូ និងសម្តេច ហេង សំរិនបានពាំនាំការផ្តាំផ្ញើការសួរសុខទុកពីព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រធានបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ជូនចំពោះលោកអគ្គលេខាធិការបក្ស Nguyen Phu Trong។ សម្តេច ហេងសំរិន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា។
សមមិត្ត ហេង សំរិន បានជូនពរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ ហើយសម្តេចក៏សម្តែងនូវជំនឿរបស់ខ្លួន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអស្ចារ្យជាច្រើន អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី XIII និងកសាងប្រទេសវៀតណាមទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហ៍កម្មដ៏ទំនើប និងមានមានឋានៈខ្ពស់ក្នុងឆាកអន្តរជាតិ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំំលៃខ្ពស់នូវដំណើរទស្សនកិច្ចលើកនេះរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកអគ្គលេខាបក្សក៏ថ្វាយព្រះពរ និងផ្ញើការសួរសុខទុក្ខដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រធានបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា។ លោកអគ្គលេខាបក្ស Nguyen Phu Trong អបអរសាទរចំពោះសមិទ្ធិផលនានាដែលកម្ពុជាសម្រេចបាន ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយជោគជ័យ ហើយលោកក៏ជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនបន្ថែមទៀតក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់អំពីភាពជាអ្នកជិតខាងល្អ និងជាបងប្អូនជិតស្និទ្ធនឹងគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក្នុងសម័យសង្គ្រាម ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស នាសព្វថ្ងៃនេះ ។ ទន្ទឹមនឹងនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ៕