ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបលេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ចិន
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Chen Gang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មហាសន្និបាតប្រជាជនតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី របស់ចិន។ នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម និងពិពិធកម្មទំនាក់ទំនងរបស់វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឲ្យ តំបន់ក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម បង្កើនការផ្លាស់ប្តូរមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកលើវិស័យនានា ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត (AI) ពន្លឿនការសាងសង់ជាសាកល្បងនូវគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីសម្រួលដល់ការដោះដូរទំនិញ ជាពិសេសកសិផលវៀតណាម ចូលទីផ្សារចិន ហើយសហការគ្រប់គ្រងព្រំដែនគោកឱ្យបានល្អផងដែរ។
រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សតំបន់ ក្វាងស៊ី លោក Chen Gang បានអះអាងថា តំបន់ស្វយ័ត ក្វាងស៊ី មានការយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយមូលដ្ឋានរបស់វៀតណាម; មានបំណងចង់ឲ្យភាគីទាំងពីរ ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យជាច្រើន រួមទាំងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) និងទិន្នន័យធំ ពន្លឿនការសាងសង់សាកល្បងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក និងផ្លូវដែក សម្រួលពាណិជ្ជកម្មទំនិញ និងការធ្វើដំណើររវាងប្រទេសចិន ជាមួយវៀតណាមក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗផងដែរ៕