ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “រក្សាស្ថិរភាពក្បាលម៉ាស៊ីនដឹកនាំគ្រប់ជាន់ថ្នាក់ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”
«ចាំបាច់ត្រូវប្រតិបត្តិអាជ្ញាធរមូលដ្ឋាន ២ កម្រិត ដោយរលូន និងស៊ីសង្វាក់គ្នាដើម្បីរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ»។ នេះគឺជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋានក្នុងខែមិថុនា ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ដោយតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ខេត្តក្រុងចំនួន ៣៤ និងឃុំ សង្កាត់ និងតំបន់ ពិសេសចំនួន ៣៣២១ កន្លែងនៅទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រសួង ស្ថាប័ន និងមូលដ្ឋានរួចមក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចង្អុលបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះគឺប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងវិស័យភាគច្រើន។ ក្នុងនោះ យោងតាមតួរលេខរបស់ក្រសួងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះសម្រេចបាន ៧,៣១% ដែលជាកម្រិតខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមក (ចាប់តាំងពីឆ្នាំ ២០០៨)។ ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៦ ខែដើមឆ្នាំ សម្រេចបាន ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមបន្តទទួលបានការយកចិត្តទុកដាក់ វិនិយោគ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៦ខែចុងឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំនេះ ដែលអាទិភាពជាបន្ទាន់គឺប្រតិបត្តិអាជ្ញាធរថ្នាក់មូលដ្ឋាន ២ កម្រិតដោយរលូន ដើម្បីរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ។
ទាក់ទិននឹងការងារជាក់លាក់មួយចំនួន លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការអនុវត្តយ៉ាងសកម្ម និងប្រកបដោយភាពបត់បែននូវដំណោះស្រាយ ដើម្បីសម្របខ្លួនទៅនឹងគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិក; ជំរុញយ៉ាងខ្លាំងនូវកម្លាំងចលករថ្មីសម្រាប់កំណើន ដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក បន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត ជីវវិទ្យា លំហក្រោមដី លំហសមុទ្រ លំហអវកាស។ ល៕







