ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា នាវាចម្បាំងអាមេរិក និងយន្តហោះឈ្លបយកការណ៍របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានផ្លាស់ទីទៅប្រតិបត្តិការនៅភាគពាយព្យនៃសមុទ្រខ្មៅ។
|
នាវាបញ្ជាការអាមេរិក USS Mount Whitney ចូលរួមក្នុងសមយុទ្ធយោធារបស់អង្គការណាតូ នៅឯឆ្នេរ Trondheim ប្រទេសន័រវែស កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ រូបថត (ឯកសារ)៖ AFP/TTXVN) |
សេចក្តីប្រកាសមួយរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ U-2S របស់កងទ័ពអាកាសអាមេរិកបានអនុវត្តន៍ជើងហោះហើរឈ្លបយកការណ៍ពីដែនអាកាសអ៊ុយក្រែន នៅតាមខ្សៃព្រំដែនជាមួយរុស្ស៊ី។ ប្រព័ន្ធរ៉ាដារបស់កងកម្លាំងអាកាសយានិករុស្ស៊ី និងកងនាវាសមុទ្រខ្មៅ ក៏បានរកឃើញ និងតាមដានជើងហោះហើរឈ្លបយកការណ៍ចំនួន៤ជើងរបស់សមាជិកណាតូ នៅលើដែនអាកាសនៃសមុទ្រខ្មៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
មុននោះ នាថ្ងៃដដែល ក្រសួងការពារជាតិអ៊ុយក្រែនបានជូនដំណឹងថា កងទ័ពជើងទឹកអ៊ុយក្រែនបានធ្វើសមយុទ្ធ PASSEX នៅសមុទ្រខ្មៅ ជាមួយកងទ័ពជើងទឹកនៃប្រទេសសមាជិក ណាតូចំនួនបី រួមមានអាមេរិក ទួរគី និងរូម៉ានី។ គោលបំណងសំខាន់នៃសមយុទ្ធនេះ គឺដើម្បីអនុវត្តន៍អន្តរប្រតិបត្តិការនៃក្រុមយុទ្ធសាស្ត្រពហុជាតិ យោងតាមស្តង់ដាររបស់អង្គការណាតូ និងដើម្បីលើកកំពស់ការសម្របសម្រួលគ្នារវាងកងទ័ពជើងទឹកដែលចូលរួម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម