ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ឡេ ហ័យ ទ្រុង៖ APEC ២០២៦ បើកចេញលំហសហប្រតិបត្តិការថ្មីសម្រាប់វៀតណាម
យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យទ្រុង សប្តាហ៍កំពូល APEC ២០២៦ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វេទិកានេះក្នុងការជំរុញកិច្ចសន្ទនា ការតភ្ជាប់សេដ្ឋកិច្ចនិងការពង្រឹងទំនុកចិត្តក្នុងតំបន់។ លោករដ្ឋមន្ត្រី ឡេហ័យ ទ្រុង បានសង្កត់ធ្ងន់ថា វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការកសាងឯកសារនានា លើកសំណើគំនិតផ្តួចផ្តើម និងជំរុញការឯកភាពរួម។ នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ APEC ព្រមទាំងបានឧទ្ទេសនាមអំពីទិសដៅអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ប្រទេសជាតិ។
ជាពិសេស វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ជាផ្លូវការក្រោមមូលបទ “រួមគ្នាកសាងយុគសម័យថ្មីប្រកបដោយភាពខ្លួនទីពឹងខ្លួន នវានុវត្តន៍ និងវិបុលភាពរួម” ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ជំរុញពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងភាពធន់នៃខឿនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង បានឱ្យដឹងថា ជំនួបរវាងថ្នាក់ដឹកនាំវៀតណាមនិងចិន សម្រេចបានការយល់ដឹងរួមដ៏សំខាន់ជាច្រើន ស្តីពីការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្រប។ កិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានខេត្តក្វាងទុង (Guangdong) និងខេត្តយូណាន (Yunnan) ក៏ត្រូវបានជំរុញផងដែរ ដោយផ្តោតលើការវិនិយោគបច្ចេកវិទ្យាខ្ពស់ ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ផ្លូវដែក ភស្តុភារកម្ម (Logistics) និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន។
យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យទ្រុង លទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ព្រមទាំងពង្រីកលំហសហប្រតិបត្តិការ បង្កើតកម្លាំងចលករដើម្បីវៀតណាមបំពេញតួនាទីជាម្ចាស់ផ្ទះ APEC ២០២៧ ប្រកបដោយជោគជ័យ៕





