នៅក្នុងសុន្ទរកថាបើក អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងអូសាកា លោក
ង្វៀន ទ្រឿងសឺន បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃការរក្សាពិធីបុណ្យនេះអស់រយៈពេល ៩
ឆ្នាំកន្លងមក។ លោកអគ្គកុងស៊ុល ង្វៀន ទ្រឿងសឺន បានចាត់ទុកថា ជំនឿគោរពបូជាស្តេចហ៊ុង
ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)
ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ
មិនត្រឹមតែជានិមិត្តរូបនៃក្រមសីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" ប៉ុណ្ណោះទេ
ថែមទាំងក៏ជាខ្សែអំបោះដែលតភ្ជាប់ស្មារតីជាតិរបស់ប្រជាជនវៀតណាមគ្រប់ទីកន្លែងលើពិភពលោកទៀតផង។
ការបង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង នៅប្រទេសជប៉ុន
គឺជាសក្ខីភាពដ៏រស់រវើកនៃកម្លាំងរស់ដ៏អមតៈនៃវប្បធម៌វៀតណាម
និងស្មារតីសាមគ្គីភាពក្នុងរបស់សហគមន៍ជនវៀតណាមដែលរស់នៅឆ្ងាយពីមាតុភូមិផងដែរ។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការបង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង
ដោយមានកត្តាប្រពៃណីគ្រប់គ្រាន់ ដូចជា៖ ការថ្វាយធូប គ្រឿងដង្វាយ និងពិធីដ៏ឱឡារិក។
បរិយាកាសពិធីបុណ្យពោរពេញទៅដោយអត្តសញ្ញាណវៀតណាម ដែលជួយឱ្យអ្នកចូលរួម
មានអារម្មណ៍ហាក់ដូចជាកំពុងវិលត្រឡប់មកស្រុកកំណើតអញ្ចឹង។ លើសពីនេះ កម្មវិធីសម្ដែងសិល្បៈប្រជាប្រិយ
តន្ត្រី និងរបាំប្រពៃណី រួមជាមួយតូបលក់អាហារជាច្រើនប្រភេទ
បានបង្កើតជាផ្ទាំងគំនូរវប្បធម៌ដ៏រស់រវើក ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ពិធីបុណ្យឆ្នាំនេះ ក៏មានការចូលរួមពីប្រជាជនវៀតណាមមកពីតំបន់ជាច្រើននៅខាងក្រៅ Kansai និងប្រទេសដទៃទៀត ដែលបង្ហាញពីឥទ្ធិពលដែលបានរីករាលដាលកាន់តែខ្លាំងឡើងនៃកម្មវិធីផងដែរ៕







