ព័ត៌មាន
ប្រធានាធិបតីអាមេរិកទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដោយសង្កត់ធ្ងន់លើការបន្តការចរចាជាមួយអ៊ីរ៉ង់
បន្ទាប់ពីជំនួប លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា ភាគីទាំងពីរមាន «ជំនួបដ៏ល្អមួយ» ហើយបានបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត «រឹងមាំយ៉ាងខ្លាំង»។ លោកដូណាល់ ត្រាំ ក៏បានបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយទេ ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីពិចារណាថាតើកិច្ចព្រមព្រៀងអាចសម្រេចបានឬអត់។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យពង្រីកវិសាលភាពនៃការចរចា រួមទាំងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ដូចជាក្រុមហាម៉ាស និងហេសបូឡា។ អ៊ីស្រាអែលមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយមានកំណត់ ដែលមិនគ្របដណ្តប់លើការគំរាមកំហែងសន្តិសុខផ្សេងទៀតឡើយ។
មុននោះ អ៊ីរ៉ង់បានប្រកាសត្រៀមខ្លួនសម្រាប់ការពិភាក្សាអំពីការកំណត់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្ម ប៉ុន្តែបានអះអាងថា សមត្ថភាពមីស៊ីលគឺ "មិនអាចចរចាបានឡើយ"៕






