
ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ
ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅជប៉ុនចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នាថ្ងៃទី២៥ ខែឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានឆ្លើយសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានជប៉ុននានា ដូចជា NHK Kyodo News Jiji Press និង Nikkei ជាដើម។
ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីទិសដៅ និងវិធានការធំៗដើម្បីជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក្នុងនោះផ្តោតទៅលើវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ និងវប្បធម៌។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈ អំពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ី ឲ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យ។
លោកប្រធានរដ្ឋមានគោលបំណងចង់ឲ្យភាគីទាំងពីរ លាតត្រដាងអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូខាងសេដ្ឋកិច្ចវៀតណាម-ជប៉ុន (VJEPA) ប្រកបដោយប្រសិទ្ធភាព រួមគ្នាខិតខំប្រឹងប្រែង ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងក្នុងឆ្នាំ២០២០ បើប្រៀបនឹងឆ្នាំ២០១៤។
ចំពោះកិច្ចសហប្រតិបតិ្តការរវាងវៀតណាម និងជប៉ុននៅវេទិកាអន្តរជាតិនិងតំបន់ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមនិងជប៉ុនគាំទ្រគ្នាទៅវិញទៅមក ក្នុងការពង្រីកនូវតួនាទីដ៏សកម្មរបស់ប្រទេសនីមួយៗ សំដៅរួមវិភាគទានទៅក្នុងសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់។ ប្រទេសទាំងពីរសុទ្ធតែសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីឲ្យ បានសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម