អញ្ជើញចូលរួមក្នុងសម័យប្រជុំបើករួមមាន៖ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម; លោកប្រធាន រដ្ឋ លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ; លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមលោក ត្រិន គឹមទូ; តំណាងអង្គទូត អង្គការអន្តរជាតិនានា រួមជាមួយសមាជិកសភាចំនួន ៥០០នាក់នៃរដ្ឋសភានីតិកាលទី១៦។
បន្ទាប់ពីពិធីគោរពទង់ជាតិ ប្រកាសមូលហេតុ និងឧទ្ទេសនាមតំណាងដែលចូលរួមសម័យប្រជុំ ប្រធានរដ្ឋសភានីតិកាលទី ១៥ លោក ត្រិន ថាញ់មិន បានថ្លែងសុន្ទរកថាបើកសម័យប្រជុំ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ថ្មីៗនេះ សម្រេចបានជោគជ័យយ៉ាងល្អប្រសើរ។ លទ្ធផលនៃការបោះឆ្នោតលើកនេះ បានបន្តបញ្ជាក់ពីជំនឿជាក់របស់ប្រជាជនចំពោះបក្ស និងរដ្ឋ ហើយរួមចំណែកដល់ការលើកកម្ពស់រូបភាព និងកិត្យានុភាពរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។
ទាក់ទងនឹងខ្លឹមសារសំខាន់ៗនៃសម័យប្រជុំលើកនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានមានប្រសាសន៍ថា៖
“រដ្ឋសភាពិចារណា និងសម្រេចលើរចនាសម្ព័ន្ធអង្គការ ហើយបោះឆ្នោតជ្រើសរើស និងអនុម័តលើកម្មាភិបាលជាន់ខ្ពស់នៃក្បាលម៉ាស៊ីនដឹកនាំ។ នេះគឺជាខ្លឹមសារស្នូលនៃសម័យប្រជុំ ដែលមានសារៈសំខាន់ខ្លាំង ដោយសម្រេចដោយផ្ទាល់នូវគុណភាព និងប្រសិទ្ធភាពប្រតិបត្តិការនៃក្បាលម៉ាស៊ីនរបស់រដ្ឋពេញមួយអាណត្តិ។ រដ្ឋសភាពិចារណា និងអនុម័តលើច្បាប់ចំនួន ៨ និងសេចក្តីសម្រេចចិត្តលើលិខិតបទដ្ឋានអភិក្រមច្បាប់ចំនួន ១ សេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាសម្រាប់ឆ្នាំ ២០២៧ សេចក្តីសម្រេចចិត្តស្តីពីការបង្កើតក្រុមឃ្លាំមើលឯកទេសនៃរដ្ឋសភា និងសេចក្តីសម្រេចចិត្តទូទៅនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦”។
បន្ទាប់នោះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោតទូទាំងប្រទេស។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកនេះគឺដើម្បីសុក្រិតការចាត់តាំងក្បាលម៉ាស៊ីនរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ព្រមទាំងផ្ដោតលើការធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម; បង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់ ស្ថាប័ន និងកម្លាំង
ចលករគោលនយោបាយសម្រាប់ប្រទេសជាតិឱ្យចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ។
នាព្រឹកថ្ងៃទី ៦ ខែមេសា រដ្ឋសភាបានបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភានីតិកាលទី ១៦។ សម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី ១៦ គ្រោងនឹងមានរយៈពេលប្រហែល ១១ ថ្ងៃ ដែលចែកជាពីរដំណាក់កាល (ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា) ហើយបម្រុងទុកថ្ងៃទី ២៤ និងទី ២៥ ខែមេសាផងដែរ៕









