នៅក្នុងសម័យប្រជុំសម្មតិកម្ម
សមាជិកសភាកុមារបានលើកឡើងនូវបំណងប្រាថ្នា អ្នកបោះឆ្នោតកុមារនៅតាមមូលដ្ឋាននានា
ជាមួយនឹងបញ្ហាចំនួនពីរគឺ "ការបង្ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន"
និង "ការបង្ការទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់ សារធាតុរំញោច ជាពិសេសក្នុងបរិយាកាសសាលារៀន"
ហើយស្រាយបំភ្លឺពីបញ្ហាកង្វល់របស់”អ្នកបោះឆ្នោតកុមារ"ទូទាំងប្រទេស។
បន្ទាប់ពីសម័យសួរដេញដោល រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល
និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល
បានពិភាក្សាជាមួយសមាជិកសភាកុមារអំពីប្រធានបទទាំងពីរនៃសម័យប្រជុំ។
ថ្លែងមតិនៅសម័យប្រជុំ
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា បក្ស
រដ្ឋយកចិត្តទុកដាក់ពិសេសជានិច្ចដល់បុព្វហេតុការពារ ថែទាំ និងអប់រំកុមារ។
ដោយសម្តែងការចាប់អារម្មណ៍ចំពោះការបង្ហាញរបស់បណ្ដាសមាជិកសភាកុមារ លោកប្រធានរដ្ឋសភា
មានប្រសាសន៍ថា សំណួរនិងដំណោះស្រាយជាច្រើនដែលបានស្នើឡើងរបស់កុមារមានភាពពាក់ព័ន្ធ
និងកើតចេញពីស្ថានភាពជាក់ស្ដែង។ រដ្ឋសភា រដ្ឋាភិបាល និងបណ្ដាក្រសួង ផ្នែក
និងអង្គការនានា នឹងធ្វើការស្រាវជ្រាវក្នុងដំណើរការតាក់តែង និងចេញផ្សាយគោលនយោបាយ
ច្បាប់ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកុមារ។
ដើម្បីបន្តអនុវត្តន៍ការងារការពារ
ថែទាំ និងអប់រំកុមារឱ្យកាន់តែល្អប្រសើរ នាពេលខាងមុខ
លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន
និងមូលដ្ឋានបន្តស្រាវជ្រាវ ពិនិត្យ កែលំអគោលនយោបាយ
ច្បាប់ស្តីពីការបង្ការទប់ស្កាត់អំពើហឹង្សា ការរំលោភបំពានលើកុមារ
និងអំពើហិង្សាក្នុងសាលា; បង្ការទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃថ្នាំជក់
ជាពិសេសបារីអេឡិចត្រូនិច និងបារីកំដៅ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យក្រសួងអប់រំ
និងបណ្តុះបណ្តាលបង្កើនការអប់រំសីលធម៌នៅក្នុងសាលារៀនបន្ថែមទៀត។
លោកគ្រូអ្នកគ្រូជួយសម្រួល និងបង្កើតបរិយាកាសអប់រំប្រកបដោយភាពរួសរាយរាក់ទាក់និងសុវត្ថិភាពដើម្បីជួយកុមារទៅសាលារៀនជារៀងរាល់ថ្ងៃប្រកបដោយក្ដីសប្បាយរីករាយ។
សហគមន៍ សង្គមលើកកំពស់បន្ថែមនូវស្មារតីទទួលខុសត្រូវ ផ្តល់ក្តីស្រឡាញ់
និងការយកចិត្តទុកដាក់បំផុតដល់កុមារ ការពារកុមារគ្រប់ពេលវេលា គ្រប់ទីកន្លែង
រួមចំណែកកសាងជំនាន់អនាគតរបស់ប្រទេសជាតិឲ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕





