នារសៀលថ្ងៃទី៦ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក តាន់ យ៉ាងថៃ ដែលមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម នាយករដ្ឋមន្រ្តីវៀតណាមលោក ឡេ មិញហ៊ឹង បានកោតសរសើរលោកឯកអគ្គរដ្ឋទូត ដែលបានសម្រេចភារកិច្ចនៅវៀតណាមបានយ៉ាងល្អបំផុតក្នុងរយៈពេលបីឆ្នាំកន្លងមក ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ជាពិសេស កសិផល ជលផល ឧស្សាហកម្មម្ហូបអាហារ គ្រឿងបន្លាស់អេឡិចត្រូនិច និងសម្ភារៈសំណង់ ដើម្បីឆាប់បាននាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក ដោយមានតុល្យភាពជាងមុន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ីវិនិយោគលើការអភិវឌ្ឍឧស្សាហកម្មហាឡាលនៅវៀតណាម និងជំរុញគម្រោងត្រីភាគីរវាងវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី លើការបញ្ជូនវាយោអគ្គីសនីនៅឯនាយសមុទ្រឆ្លងដែនផងដែរ។
លោកឯកអគ្គរដ្ឋទូត តាន់ យ៉ាងថៃ បានអះអាងថា ប្រទេសម៉ាឡេស៊ីមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងក្លា ជាពិសេសនៅក្នុងវិស័យដែលប្រទេសទាំងពីរមានសក្តានុពល និងប្រៀបខ្លាំង ដូចជា៖ ប្រេងឧស្ម័ន កសិកម្ម ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរឌីជីថល សន្តិសុខឌីជីថល និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ប្រទេសទាំងពីរនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសាមគ្គីភាពនិងការអភិវឌ្ឍនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ការដោះស្រាយជម្លោះដោយសន្តិវិធី និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕






