ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសវនាការជា មួយថ្នាក់ដឹកនាំចិន ជប៉ុន កូរ៉េខាងត្បូង ដែលអញ្ជើញមកចូលរួមវេទិកា WEF ASEAN ២០១៨
នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយឧបនាយក រដ្ឋមន្ត្រីចិនលោក Hu Chunhua ក្នុងឱកាសលោករូបនេះដឹកនាំគណៈប្រតិភូជាន់ ខ្ពស់ចិនមកចូលរួមសន្និសីទ WEF ASEAN ឆ្នាំ២០១៨នៅវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីចិនលោក Hu Chunhua (រូបថត៖ VGP)
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរពិភាក្សាយ៉ាងសកម្មលើវិធានការនានាសំដៅធានាឲ្យការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីមានការអភិវឌ្ឍប្រកបដោយតុល្យភាព ចីរភាព ដែលជួយកាត់បន្ថយឱនភាព ពាណិជ្ជកម្មរបស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យភាគីចិនបង្កភាពងាយស្រួលសម្រាប់ការនាំចូលផលិតផលនានារបស់វៀតណាម ហើយចូលរួមបណ្ដាក់ទុនចូលមកវៀតណាមក្នុងគម្រោងការណ៍បច្ចេកវិទ្យាខ្ពស់និងស្និទ្ធស្នាលជាមួយបរិស្ថាន ព្រមទាំងលាតត្រដាងអនុវត្តន៍កិច្ចសហប្រតិបតិ្តការលើវិស័យ គមនាគមន៍ដឹកជញ្ជូន កសិកម្ម បរិស្ថាន វិទ្យាសាស្ត្របច្ចេកវិទ្យា ហិរញ្ញវត្ថុ រូបីយវត្ថុ។ ល។
ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវការយោគយល់ រួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គោរពកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ ជាសារវ័ន្តនានាស្ដីពីការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន ក៏ដូចជាគោរពផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវរបស់គ្នាដោយឈរលើច្បាប់អន្តរជាតិនិងអនុសញ្ញារបស់អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ផងដែរ។
ទិដ្ឋភាពនៃជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono (រូបថត៖ VGP)
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការអាស៊ាន ជប៉ុន និងមេគង្គ ជប៉ុន ពិសេសគឺនាពេលវៀតណាមកាន់តំណែងជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុន ដំណាក់កាល២០១៨-២០២១។ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono យកចិត្តទុកដាក់ដល់ការជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បន្តផ្ដល់ទុន ODA សម្រាប់វៀតណាម ជួយឧបត្ថម្ភវៀតណាមកសាងរដ្ឋាភិបាល អេឡិចត្រូនិក ព្រមទាំងសហការគ្នាអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មជឿនលឿននិងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក៏ដូចជាក្នុងការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) ទៀតផង។
លោកនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង
លោកស្រី Kang Kyung Wha (រូបថត៖ VGP)
រីឯក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha វិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបន្តរក្សាការជួបប្រាស្រ័យជាន់ខ្ពស់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា កូរ៉េខាងត្បូងនឹងមានវិធានការជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកឲ្យបានឆាប់ៗ ព្រមទាំងយកចិត្តទុកដាក់និងជួយឧបត្ថម្ភគាំទ្រសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម