ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីកសិកម្មប្រេស៊ីល
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Terresa Cristina Corría
នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយលោកស្រី Terresa Cristina Corría រដ្ឋមន្រ្តីក្រសួងកសិកម្ម បសុសត្វនិងផ្គត់ផ្គង់នៃប្រទេសប្រេស៊ីល ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើថាភាគីទាំងពីរគួរតែជំរុញឲ្យបានខ្លាំងក្លាថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យកសិកម្ម និងមានបំណង ចង់ឲ្យប្រេស៊ីល បង្កលក្ខណៈងាយស្រួល សម្រាប់ផលិតផលកសិកម្មរបស់វៀតណាមត្រូវបាននាំចេញទៅទីផ្សារប្រេស៊ីល ក្នុងនោះ រួមមានបង្គានិងត្រីប្រាជាដើម។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីជាស្ពានដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាននិង Mercosur និងស្នើឱ្យភាគីទាំងពីរ សម្របសម្រួល សិក្សាពីលទ្ធភាពចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជ កម្មវៀតណាម - Mercosur តែម្តង។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វនិងផ្គត់ផ្គងប្រេស៊ីល លោកស្រី Terresa Cristina Corrêa បានមានប្រសាសថា ប្រេស៊ីលតែងតែផ្តោតការយកចិត្តទុកដាក់ពិសេស ចំពោះទំនាក់ទំនងជាមួយវៀតណាម។ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់គណៈប្រតិភូគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលប្រទេសទាំងពីរមានសក្តានុពលដូចជាវិស័យកសិកម្មនេះតែម្តង ។ លោកស្រីរដ្ឋមន្ត្រីរូបនេះបានលើកឡើងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះភ្លាមៗ លោកស្រីនឹងរាយការណ៍ជូនប្រធានាធិបតីប្រេស៊ីលឱ្យមានដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអប់រំជាដើម។ ។ ប្រទេសប្រេស៊ីលនឹងខិតខំដោះស្រាយបញ្ហានាំចូលផលិតផលកសិកម្មមួយចំនួនរបស់វៀតណាមភ្លាមៗ ជាពិសេសផលិតផលជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាបង្គានិងត្រីប្រាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម