ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងកំណត់រូបរាងទំនាក់ទំនង វៀតណាម-ថៃរយៈពេល ៥០ ឆ្នាំខាងមុខ
ដោយទាក់ទងផ្ទាល់តាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ
ខណៈពេលកំពុងធ្វើទស្សនកិច្ចការងារនៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ លោក Sihasak
Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ
បានចែករំលែកការវាយតម្លៃយុទ្ធសាស្ត្រមុនពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសថៃចាប់ពីថ្ងៃទី
២៧-២៩ ខែឧសភា របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ លោក Sihasak
Phuangketkeow បានបញ្ជាក់ថា
ដំណើរទស្សនកិច្ចផ្លូវការនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ព្រមទាំងបើកចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីរយៈពេល ៥០
ឆ្នាំខាងមុខដោយផ្អែកលើការបំពេញបន្ថែមគ្នាផ្នែកសេដ្ឋកិច្ច
និងតួនាទីសំខាន់ៗរបស់ប្រទេសទាំងពីរក្នុងការធានាបាននូវស្ថិរភាព
និងវិបុលភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការនេះ
ផ្ញើសារសំខាន់មួយអំពីទិសដៅអនាគតនៃទំនាក់ទំនងវៀតណាម-ថៃ ក្នុងឱកាសខួបលើកទី ៥០
នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
«រយៈពេល ៥០ ឆ្នាំគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ យើងបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម មកកាន់ប្រទេសថៃ ហើយក៏ជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ឡើងកាន់តំណែង ដែលនិយាយយ៉ាងច្រើនអំពីទិសដៅសម្រាប់រយៈពេល ៥០ ឆ្នាំខាងមុខនៃទំនាក់ទំនងទ្វេភាគី។ យើងក៏ស្វាគមន៍ចំពោះការដែលប្រទេសថៃគឺជាប្រទេសអាស៊ានដំបូងគេដែលលោកអគ្គលេខាបក្ស តូ ឡឹម ជ្រើសរើសទៅទស្សនកិច្ចជាផ្លូវការបន្ទាប់ពីចូលកាន់តំណែងជាប្រធានរដ្ឋ។ នេះគឺជាវិធីសមស្របបំផុតដើម្បីអបអរសាទរ និងជាចំណុចលេចធ្លោនៃពិធីខួប ៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ។ របៀបវារៈនៃដំណើរទស្សនកិច្ចលើកនេះគឺសម្បូរបែបណាស់៖ រួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Anutin ការចូលគាល់ព្រះមហាក្សត្រ និងព្រះមហេសី ជំនួបជាមួយប្រធានរដ្ឋសភា និងប្រធានសភាជាន់ទាប ហើយលោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នឹងធ្វើជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចវៀតណាម-ថៃ ដោយមានសហគ្រាសប្រហែល ៣០០ មកពីប្រទេសទាំងពីរចូលរួម។ លើសពីនេះ នឹងមានពិធីជប់លៀងជាផ្លូវការក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីថៃ។ ទាំងអស់នេះបង្ហាញពីសារៈសំខាន់ដែលយើងដាក់លើដំណើរទស្សនកិច្ចលើកនេះ។ នេះនឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ទំនាក់ទំនងទ្វេភាគី ដែលបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តនយោបាយរបស់ភាគីទាំងពីរ”៕






