ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទៅកាន់ប្រទេសហុងគ្រី ធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត
នៅក្នុងបទសម្ភាសន៍មុនដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ថ្ងៃទី ២៦ -២៨ មិថុនា) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាម និងហុងគ្រីបានអះអាងសារជាថ្មី អំពីការប្ដេជ្ញានយោបាយរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ និងបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ហុងគ្រី ដោយរួមចំណែកដល់ការងារស្តារឡើងវិញខឿនសេដ្ឋ កិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាតកូវីដ-១៩ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសកលដូចជាបម្រែបម្រួលអាកាសធាតុជាដើម។
ទាក់ទិននឹងខ្លឹមសារសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានឲ្យដឹងថា ប្រធានរដ្ឋសភាទាំងពីររូបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទៀងទាត់និងជាក់ស្តែង រវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី (ជំនួសឲ្យកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៨); ពិគ្រោះបទពិសោធន៍របស់ហុងគ្រីក្នុងការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។
ប្រធានរដ្ឋសភាទាំងពីររូបនឹងចូលរួមសិក្ខាសាលាស្តីពី "ការកែលម្អក្របខ័ណ្ឌច្បាប់ស្តីពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចបៃតង"; ដោយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពដែលនាំមកដោយកិច្ចព្រមព្រៀង EVFTA និងខិតខំប្រឹងប្រែង បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងហុងគ្រីឲ្យកើនឡើង ១០% ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏នឹងអញ្ជើញចូលរួមសិក្ខាសាលាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ហុងគ្រី; ជួបជាមួយសហគមន៍ធុរកិច្ចវៀតណាមនៅអឺរ៉ុបផងដែរ៕